(ព្រះសីហនុ)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះឃាត់ខ្លួនជនសង្ស័យចំនួន២នាក់​ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ដកហូតបានថ្នាំញៀន និងវត្ថុតាងមួយចំនួន ស្ថិតនៅក្រុម១៥ ភូមិ០៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ នាយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។

បើតាមមន្ដ្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ខាងលើនេះ រួមមាន ទី១៖ ឈ្មោះ សៀង ហៃ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្តិសុខ ទីលំនៅបច្ចុប្បន្ន ក្រុមទី២២ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ និងទី២៖ ឈ្មោះ ហែម សារុំ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ក្រុម៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

មន្ដ្រីនគរបាលដដែល បានបន្ដទៀតថា ការចុះឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា១កញ្ចប់ធំ ទូរស័ព្ទ៣គ្រឿង និងវត្ថុតាងមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាងខាងលើនេះ ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕