(កណ្តាល)៖ ស្នូរកាំភ្លើងជាច្រើនគ្រាប់ បានលាន់យ៉ាងខ្លាំងៗ ចេញពីទីតាំងកន្លែងរណ្តៅអត់ច្បាប់ ស្ថិតនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល នៅចំពីខាងក្រោយបន្ទាយសឹករងខេត្តតែម្តង កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ដែលសមត្ថកិច្ចមូលដ្ឋានអះអាងថា ជនបង្កឈ្មោះ ពៅ ជាម្ចាស់រណ្តៅដីអត់ច្បាប់។

ជនសង្ស័យបានដកកាំភ្លើងខ្លីបាញ់ភ្ជុជទៅក្នុងរណ្តៅដីអស់ចំនួន១បង់ ជាការគម្រាមខាងមន្រ្តីជំនាញក្រសួងរ៉ែ និងថាមពល ពេលចុះមកពិនិត្យរណ្តៅដីអត់ច្បាប់របស់ខ្លួន។

បន្ទាប់ពីបាញ់ឈ្មោះ ពៅ ក៏បានបញ្ជាឲ្យកូនចៅរបស់ខ្លួនបើកអា «អិច» កាយដីយកទៅដាក់ចំកណ្តាលផ្លូវ ដើម្បីបង្អាក់ដំណើរក្រុមមន្ត្រីជំនាញ ដោយប្រើជាលេសថា គ្រឿងចក្រកាយដីបានខូច។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចមិនបានឃាត់ខ្លួន ជនបង្កក្នុងសកម្មភាព រារាំង និងបាញ់គម្រាមមន្ត្រីរាជការសាធារណៈនោះទេ ទើបតែនៅព្រឹកថ្ងៃ​សុក្រ​ទី១៩​ ខែ​ មករា​ ឆ្នាំ២០១៨ គេឃើញមានកម្លាំងនគរបាលព្រហ្មទណ្ឌ ចុះទៅកន្លែងកើតហេតុ ជាមួយខាងជំនាញ ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយសាក្សី អ្នករស់នៅជុំវិញកន្លែងកើតហេតុ និងពិនិត្យពីឯកសារច្បាប់។

មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានលួចបង្ហើបថា ឈ្មោះ ពៅ ជាថៅកែរណ្តៅដីជើងខ្លាំង មិនត្រឹមព្រហើនបាញ់អស់មួយបង់ រារាំង និងបាញ់គម្រាមមន្ត្រីរាជការសាធារណៈនោះទេ រូបគេថែមទាំងមានកាំភ្លើង៣ដើម មិនដឹងថា មានលិខិតអនុញ្ញាត ឬយ៉ាងណានោះឡើយ៕