(ភ្នំពេញ)៖ នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ បាន​បញ្ជូន​ខ្លួនស្ដ្រី​ម្ចាស់ទីតាំង​ម៉ាស្សា​ម្នាក់​ទៅកាន់តុលា​ការដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់។

រហូតមកដល់ពេលនេះ ស្រ្តីសង្ស័យកំពុងស្ថិតក្រោមការសួរនាំរបស់តំណាងអយ្យការ លោក គុជ គឹមឡុង ដើម្បីចាត់ការបន្តទៀត។

សមត្ថកិច្ចបានឲ្យដឹងថា ស្ដ្រីម្ចាស់ទីតាំងមាន​ឈ្មោះ​ប៉ែន រ៉ានី អាយុ​៣៩​ឆ្នាំ ជន​ជាតិខ្មែរ ស្នាក់​នៅ​ផ្ទះ​លេខ6F ផ្លូវ​លឹម​ឈាង​ហាក់​​ទី៣ ភូមិកន្ទោក​ខាង​ជើង សង្កាត់​កន្ទោក ខណ្ឌ​​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ។

គួរបញ្ជាក់ថា​ កាលពីយប់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នង​​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានចុះ​ប្រតិ​បត្តិ​ការ​បង្ក្រាប ហាង​ម៉ាស្សាមួយក​ន្លែ​ងយី​ហោ «តំលៃ​៣​$» ដែល​ស្ថិត​នៅ​ផ្ទះ​លេខ​6F ផ្លូវ​លឹម​ឈាង​ហាក់​ទី​៣ ភូមិ​កន្ទោក​ខាង​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ និង​ឃាត់​ខ្លួនថៅ​កែ​ស្រី​ម្នាក់ និង​មនុស្ស​ស្រី៥​នាក់​ក្នុ​ងនោះ​ក្មេង​ស្រី​១ម្នាក់ ​ជា​អនីតិជន ដែល​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​ប្រព្រឹត្ត​សញ្ចា​កម្ម។ ប្រតិបត្តិ​ការ​នេះ មាន​ការ​សម្រប​សម្រួលពី​លោក គុជ គីមឡុង ព្រះ​រាជ​អាជ្ញា​រង អមសាលា​ដំបូង​រាជធានី​ភ្នំពេញ៕