(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ សេចក្ដីជូនដំណឹងពី​ការចុះសិក្សាវាស់វែងកំណត់ ព្រំប្រទល់អចលនវត្ថុ និងរុះរើចេញនូវចំណែកសំណង់ផ្សេងៗ ដែលលយចូលច្រាំងទន្លេ ចាប់ពីស្ពានភ្លោះកោះពេជ្រ ដល់ស្ពានព្រះមុនីវង្ស ក្នុងភូមិសាស្ដ្រខណ្ឌចំការមន។

បើតាមសេចក្ដីជូនដំណឹងការចុះសិក្សាវាស់វែងនេះ ព្រោះរដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមអនុវត្តសិក្សាគម្រោងសាងសង់ផ្លូវថ្មើរជើងស្របតាមមាត់ទន្លេ ដំណាក់កាលទី២ ចាប់ពីចំណុចស្ពានភ្លោះកោះពេជ្រ រហូតដល់គល់ស្ពានព្រះមុនីវង្ស ដើម្បីលើកកម្ពស់សោភ័ណភាព និងរៀបចំសណ្ដាប់ធ្នាប់ នៅតាមច្រាំងទន្លេឲ្យបានរៀបរយ សំដៅបម្រើឲ្យការកំសាន្ដរបស់បងប្អូនប្រជាពលរដ្ឋទូទៅ។

បន្ថែមពីនេះ សាលារាជធានីភ្នំពេញ ស្នើឲ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមានលំនៅដ្ឋាន ឬអាជីវកម្មដ្ឋាន ដែលកំពុងអាស្រ័យផល ទៅទីតាំងខាងលើសូមរៀបចំរុះរើចេញជាបន្ទាន់នូវចំណែកនៃសំណង់ផ្សេងៗ ដែលបានលយចូលច្រាំងទន្លេសាធារណៈ និងត្រៀមរៀបចំឯកសារផ្សេងៗ ពាក់ព័ន្ធនឹងសិទ្ធិ ឬការកាន់កាប់ ដើម្បីចូលរួមបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ៕