(ភ្នំពេញ)៖ កន្លងមកគេធ្លាប់តែឮអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក និងបរិវាតែម្ដងបាននាំគ្នាស្រែកទាមទារឲ្យប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងបន្ថយកំដៅជម្លោះយោធា និងនយោបាយ ហើយនាំគ្នាងៀកមកអង្គុយតុចរចាដោយសន្តិវិធីវិញ រហូតដល់អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកតែម្ដង បានប្រកាសថ្កោលទោសទៅលើប្រទេសណាមួយ ដែលធ្វើឲ្យឧបទ្វីបកូរ៉េឡើងកម្ដៅជម្លោះដែលនាំទៅរកការផ្ទុះសង្គ្រាមឡើងវិញ។

ចុងក្រោយនេះក្រោយពីឡើងកម្ដៅជម្លោះដល់កំពូល តាមរយៈការបាញ់សាកល្បងកាំជ្រួចនុយក្លេអ៊ែរបស់កូរ៉េខាងជើង ជាបន្តបន្ទាប់រួចមកនោះ ស្រាប់តែប្រទេសទាំងពីរបានងាកមកចូលតុអង្គុយចរចាឡើងវិញ ហើយប្រកាសថា នឹងឈានទៅរកការចរចាកម្រិតខ្ពស់ថែមទៀតផង ដើម្បីបញ្ចប់កម្ដៅជម្លោះនយោបាយ និងយោធានៅក្នុងឧបទ្វីបនេះ។

ខណៈប្រទេសជាបងប្អូនគូសត្រូវនឹងគ្នានេះ នាំគ្នាដើរចូលតុចរចាបន្ថយកម្ដៅជម្លោះ ស្រាប់តែមានអន្តរជាតិមួយចំនួនចេញមុខមកបារម្មណ៏ថា កូរ៉េខាងត្បូងមិនគួរចូលតុចរចានោះទេ ព្រោះវាគ្រាន់តែជាការទុកឱកាសឲ្យកូរ៉េខាងជើង បន្តផលិតអាវុធនុយក្លេអ៊ែរបស់ខ្លួន ឲ្យបានជោគជ័យតែប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាមានអន្តរជាតិមួយចំនួនសម្ដែងការបារម្មណ៏យ៉ាងដូច្នេះក៏ដោយ ក៏អ្នកស្រីរដ្ឋមន្ត្រីការបរទេសរបស់ ប្រទេសកូរ៉េខាងត្បូងចេញមុខមកអះអាងថា ទោះបីអន្តរជាតិព្រមាន «ក៏កូរ៉េខាងត្បូងនៅតែបន្តកិច្ចចរចាជាមួយកូរ៉េខាងជើង» ព្រោះប្រទេសទាំងពីរស្គាល់គ្នាច្បាស់។

ក្នុងនាមជាអ្នកតាមដានសភាពការណ៏នយោបាយក្នុង និងក្រៅប្រទេសមួយរូប នាយខ្វែកដូចជាមិនយល់ទាល់ តែសោះនូវជំហរនយោបាយការបរទេស នៃបណ្ដាលប្រទេសមួយចំនួន ជាពិសេសបណ្ដាប្រទេសដែលតាំងខ្លួន ឯងជាបងធំបិតាសិទ្ធិមនុស្ស និងបិតាប្រជាធិបតេយ្យនៅលើលោកតែម្ដង។ រឿងដែលកាន់តែមិនយល់ទៀតនោះ គឺនៅពេលដែលប្រទេសកូរ៉េទាំងពីរឈ្លោះគ្នា ខ្លួនឯងនាំគ្នាព្រមាន​នាំគ្នាដាក់ទណ្ឌកម្ម​ ដើម្បីឲ្យឈប់ឈ្លោះគ្នា ហើយវិលមករកការចរចាដោយសន្តិវិធីវិញ។ ប៉ុន្តែនៅពេលដែលប្រទេសទាំងពីរនាំគ្នាវិលមកអង្គុយតុចរចា ស្រាប់តែបណ្ដាលប្រទេស និងអស់លោកអន្តរជាតិទាំងអស់នោះ បែរជានាំគ្នាសម្ដែងការព្រួយបារម្មណ៏ និងព្រមានកូរ៉េខាងត្បូង ពីរឿងចូលអង្គុយតុចរចាជាមួយកូរ៉េខាងជើងនេះទៅវិញ។

តើប្រទេសកូរ៉េទាំងពីរដែលមានជាតិសាសន៏កូរ៉េតែមួយ គេមិនចេះគិត មិនចេះបារម្មណ៏ខ្លួនគេទេឬ? ចាំបាច់អីខ្លួន ឯងដែលជាជាតិសាសន៏ដ៏ទៃសោះទៅគិត ទៅបារម្មណ៏ជំនួសជនជាតិកូរ៉េគ្នាគេទៅវិញ!។ ជាតិសាសន៏គេ, គេចេះគិតគូខ្លួនគេហើយ កុំឯងជាតិសាសន៏ដ៏ទៃទៅគិតទៅបារម្មណ៏ខ្លាំងជាងជាតិសាសន៏គេនោះ។

ទម្លាប់លូកដៃចូលកិច្ចការផ្ទៃក្នុង នៅបណ្ដាប្រទេសមួយចំនួនក្រោម លេសដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពីបណ្ដាបងធំបរទេសមួយចំនួននេះ កន្លងមកក៏ដូចបច្ចុប្បន្ន ពួកគេក៏បានលូកដៃ ចូលមកក្នុងផ្ទៃក្នុងប្រទេសកម្ពុជា មិនខុសពីលូកដៃចូលទៅក្នុងប្រទេសកូរ៉េទាំងពីរនាពេលនេះឡើយ។ មហិច្ឆតារបស់ពួកគេគឺមិនអោយផ្ទៃក្នុងត្រូវគ្នា រួបរួមគ្នាបាន ដើម្បីពួកគេទាញយកផលប្រយោជន៏ផ្ទាល់ខ្លួនរៀងៗខ្លួនតែប៉ុណ្ណោះ។ អ្នកឯងជាប្រទេសផ្សេង អ្នកឯង ជាជាតិសាសន៏ដ៏ទៃ ចូរកុំបារម្មណ៏ចំពោះជនជាតិកូរ៉េជាងជនជាតិកូរ៉េគ្នាគេពេក ហើយក៏ចូរកុំបារម្មណ៏ពីជនជាតិខ្មែរ ជាងជនជាតិខ្មែរនោះដែរ។ ខ្មែរមួយចំនួនណានោះ ដែលចូលចិត្តយកបរទេសមកធ្វើជាម៉ែឪ យកបរទេសមកធ្វើជាមេកើយ ទុកចិត្តបរទេសជាង ទុកចិត្តជាមួយខ្មែរគ្នាឯង ស្អីបន្តិច អាងបរទេស ល្មមមើលគំរូនៅឧទ្វីបកូរ៉េផង «ឈ្លោះគ្នា ក៏ខុស ត្រូវគ្នា ក៏ខុស»៕

ដោយ៖ នាយខ្វែក