(ភ្នំពេញ)​៖ មេធាវី​ អ៊ិត​ ពិសិដ្ឋ​រង្សី​ ដែលបាញ់បោះយ៉ាងអនាធិបតេយ្យ និងបណ្តាលឲ្យមានអ្នក​របួស​ នៅក្បែរភូមិគ្រឹះអគ្គស្នងការនគរបាលជាតិ ត្រូវបានដោះលែងចេញពីពន្ធនាគារ PJ នៅល្ងា​ចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ បន្ទាប់ពីត្រូវបានជាប់ឃុំឃាំងជាងកន្លះខែមកនេះ។

ប្រធានពន្ធនាគារ PJ លោក ពេជ្រ យ៉ុន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា មេធាវី អ៊ិត ពិសិដ្ឋរង្សី ត្រូវបានដោះលែងហើយ នៅល្ងាចថ្ងៃនេះ បន្ទាប់ពីលោកទទួលបានដីកាដោះលែង ពីសាលាឧទ្ធរណ៍។

មន្រ្តីជាន់ខ្ពស់សាលាឧទ្ធរណ៍ បានឲ្យ​ដឹងថា​ មេធាវី​ អ៊ិត​ ពិសិដ្ឋ​រង្សី​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បដិសេធ​ការ​សុំ​នៅ​ក្រៅឃុំ​បណ្តោះអាសន្ន​ រួច​បាន​ប្តឹង​បន្ត​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ទើប​ត្រូវ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ដោះលែង​ឱ្យ​នៅ​ក្រៅ​តែ​ម្ដង​។

លោក អ៊ិត ពិសិដ្ឋរង្សី អាយុ៣៥ឆ្នាំ ត្រូវបានចៅក្រមស៊ើបសួរ បង្គាប់ឱ្យយកទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ ហិង្សាដោយចេតនា មានស្ថានភាពទម្ងន់ទោស។ បន្ទាប់ពីជាប់ឃុំឃាំងនៅពន្ធនាគារព្រៃស បានតែប៉ុន្មានថ្ងៃ លោកមេធាវី ដែលធ្លាប់ធ្វើជាក្រឡាបញ្ជីនៅសាលាដំបូងផងនោះ បានរត់ការសុំទៅជាប់ឃុំឃាំងនៅពន្ធនាគារ PJ ក្នុងបរិវេណស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវិញ ដែលមានភាពធូស្រាលជាង រហូតបានចេញដោយជោគជ័យ នៅល្ងាចថ្ងៃនេះតែម្តង។

សូមបញ្ជាក់ថា កាលពីវេលម៉ោង១០៖៣០នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ មេធាវី អ៊ិត ពិសិដ្ឋរង្សី អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៨៣ ផ្លូវលេខ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានបាញ់បោះចំនួន២គ្រាប់ នៅក្បែរភូមិគ្រឹះអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ស្ថិតនៅតាមផ្លូវលេខ២១១ កែងផ្លូវ​លេខ២១៧ ក្នុងសង្កាត់វាលវល់ ខណ្ឌ៧មករា។

យោងតាមរបាយការណ៍របស់នគរបាលខណ្ឌ៧មករា បានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យបានចេញពីហូបការ រួចជិះរថយន្តរបស់ខ្លួនម៉ាក Lexus 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8254 តែម្នាក់ឯង មកផឹកបន្តជាមួយមិត្តភក្តិ នៅចំណុចកើតហេតុ ផ្លូវលេខ២១១ កែងផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ពេលកំពុងផឹកស៊ីនោះ ស្រាប់តែពួកគេមានជម្លោះជាមួយគ្នា ហើយជនសង្ស័យបានទៅយកកាំភ្លើងនៅក្នុងរថយន្ត មកបាញ់ជនរងគ្រោះឈ្មោះ លី តុលា អាយុ២២ឆ្នាំ បណ្តាលឲ្យរងរបួសជើង និងបាញ់ឡើងលើមួយគ្រាប់។ បន្ទាប់មកជនសង្ស័យក៏បានយកកាំភ្លើង ទៅភ្ជង់ក្បាលជនរងគ្រោះម្នាក់ឈ្មោះ ខុន បញ្ចាសិទ្ធិ អាយុ២០ឆ្នាំ នាំឲ្យភ័យឡើងព្រលឹងចុងសក់។

ដោយឡែកតាមព័ត៌មាន ដែលភ្នាក់ងារព័ត៌មាន បានទទួលនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើងលោកមេធាវីបង្ក និងជនរងគ្រោះទាំង២នាក់ជាមនុស្សស្គាល់គ្នា ហើយបានញ៉ាំការជាមួយគ្នា នៅយប់កើតហេតុ។ តែពេលហូបការរួច ជនបង្កចេញមកមុន ហើយបានទូរស័ព្ទហៅជនរងគ្រោះទៅទទួលទានបន្ត នៅហាងទារខ្វៃនៅជិតផ្ទះអគ្គស្នងការនគរបាលជាតិ ស្ថិតនៅតាមផ្លូវ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ស្រាប់តែមានទំនាស់ក៏បាញ់តែម្តង។ ក្រោយបាញ់ជនរងគ្រោះហើយ ស្រាប់តែលោកមេធាវី បានប្រើពាក្យសំដីថា «ហ្អែង កុំចេះប្រយ័ត្ន​អញបាញ់ងាប់»