(ត្បូងឃ្មុំ)៖ ស្ថានីយ៍ចំនួន០៥ទីតាំង ក្នុងចំណោមស្ថានីយ៍ប្រេងឥន្ធនៈទាំង០៩ មិនអនុលោមទាំងបរិមាណ និងគុណភាព ត្រូវបានត្រួតពិនិត្យរកឃើញនៅតាមស្ថានីយ និងដេប៉ូ ដែលមានទីតាំងនៅក្នុងស្រុកពញាក្រែក និងក្រុងសួង ដោយក្រុមត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋាន កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត ។

ការត្រួតពិនិត្យគុណភាព និងបរិមាណនេះ ធ្វើឡើងរយៈពេលពេញ១ថ្ងៃ នៅថៃ្ងទី១៨ ខែមករា ឆ្នាំ២០១៨ ដឹកនាំដោយលោក ងួន ស៊ុមល្លីវង្ស ជាអនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ របស់មន្ទីរពិសោធន៍ សហការជាមួយ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ និងមន្ត្រីកាំកុងត្រូលខេត្ត រួមជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដែលប្រតិបត្តិការនេះ ក្នុងគោលបំណង ការពារផលប្រយោជន៍សេដ្ឋកិច្ច អ្នកប្រើប្រាស់ ការពារគ្រឿងម៉ាស៊ីន នៃយាន្តជំនិះ គ្រប់ប្រភេទ និងការពារបរិស្ថាន ដែលកើតចេញពីចំហេះ ប្រេងឥន្ធនៈ មិនសមស្រប និងពិសេសដើម្បីទប់ស្កាត់ការ កែ្លង បន្លំ។

ដោយផ្អែកទៅលើឧបករណ៍ ត្រួតពិនិត្យនៅនឹងកន្លែង ដូចជា ធុងក្រឹត មានមាឌជាក់លាក់ សម្រាប់វាស់បរិមាណប្រេង ដែលបាញ់ចេញពីកុងទ័រ តាមទំហំផ្សេងខុសគ្នាមានចំណុះ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីរពិសោធន៍ចល័ត។

លោក ងួន ស៊ុមល្លីវង្ស អនុប្រធាននាយកដ្ឋាន អោយដឹងថា ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈ នៅស្ថានីយដេប៉ូទាំង០៩ ទីតាំង ក្នុងនោះរកឃើញស្ថានីយ/ដេប៉ូមានអនុលោមភាព ត្រឹមត្រូវ០៤ទីតាំង ចំណែក៥ទីតាំងទៀតមិនមានអនុលោមភាពទេ ក្នុងនោះ០១ទីតាំងមិនមានអនុលោមភាព ផ្នែកគុណភាព និង៤ទីតាំង មិនអនុលោមទាំងបរិមាណនិងគុណភាព តាមបទដ្ឋានរង្វាស់រង្វាល់ឡើយ។

លោកបន្តថា ក្រុមមន្ត្រីជំនាញត្រួតពិនិត្យ បានឲ្យម្ចាស់ស្ថានីយក្រុមហ៊ុន និងដេប៉ូ ធ្វើកិច្ចសន្យាជាលើកទី០១ ដើម្បីកែតម្រូវ ម៉ាស៊ីនលក់ប្រេង តាមការធ្វើព្យាសកម្ម ឲ្យបានត្រឹមត្រូវឡើងវិញ ពីស្ថាប័នមានសមត្ថកិច្ច និងបានណែនាំឲ្យ ម្ចាស់ស្ថានីយលក់ សាំងស៊ុបពែរ ដែលមានសន្ទស្សន៍អុកតានពិតប្រាកដ ដោយទុករយៈពេល០១ខែទៀត ខាងមន្រ្តីជំនាញនឹងចុះមកពិនិត្យម្តងទៀត តែបើឃើញមិនប្រក្រតីដដែល ម្ចាស់សា្ថនីយ៍នោះនឹងត្រូវធ្វើការផាកពិន័យ។

ជាមួយគ្នានេះដែរ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ក៍បានធ្វើការណែនាំដល់ម្ចាស់ស្ថានីយ៍ និងដេប៉ូចែកចាយទាំងអស់ ត្រូវពិនិត្យឡើងវិញនូវផ្នែកបរិមាណបាញ់ចេញពីទីយោ ជៀសវាងការបន្លំ ដើម្បីធ្វើយ៉ាងណា អោយមានតម្លាភាព យុត្តិធម៌ រវាងអ្នកលក់ អ្នកចែកចាយ និង អ្នកប្រើប្រាស់ អោយកាន់តែមានទំនុកចិត្ត និងមានការគាំទ្រកាន់តែច្រើនឡើងពីមហាជនផងដែរ៕