(ភ្នំពេញ)៖ ធនាគារ ប៉ាស៊ីហ្វិកខាងត្បូង (BSP) ជាធនាគារឈានមុខគេក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង បោះទុនជិត៧លានដុល្លារ បង្កើតក្រុមហ៊ុន BSP Finance Plc នៅកម្ពុជា ដែលបានបើកសម្ពោធឲ្យដំណើរការ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។

អគ្គនាយកក្រុមហ៊ុន BSP លោក រ៉ូប៊ីន ហ្វ្លេមីង (Robin Fleming) បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖ «ការសម្រេចចិត្ដក្នុងបោះទុនជាលើកដំបូងនៅអាស៊ី ដោយជ្រើសកម្ពុជាដំបូងគេនេះ ដោយមើលឃើញ វិស័យប្រទេសកម្ពុជា កំពុងតែការអភិវឌ្ឍកាន់តែជឿនលឿន រួមទាំងវិស័យកសិកម្មផងដែរ ហើយយើងសង្ឃឹមថា បទពិសោធន៍របស់យើង នៅក្នុងប្រទេសកម្ពុជា នឹងជួយឲ្យយើងកាន់តែរឹងមាំ ស្របពេលដែលយើងសំឡឹងមើលលើការធ្វើអាជីវកម្មបន្ថែម នៅក្នុងតំបន់ទន្លេមេគង្គ ដែលជាតំបន់មានសក្ដានុពលសម្រាប់ឲ្យយើងបង្កើនវត្តមាននៅក្នុងតំបន់ ដោយមិនត្រឹមតែផ្ដល់នូវហិរញ្ញប្បទានទ្រព្យសកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏អាចផ្ដល់នូវសេវាកម្មហិរញ្ញវត្ថុផ្សេងទៀតផងដែរ»។

លោកបន្ដថា ក្រុមហ៊ុន BSP បានបញ្ចប់ជាស្ថាពរនូវការចូលភាគហ៊ុនក្នុងក្រុមហ៊ុន RMA Financial Service (Cambodia) Plc ជាមួយនឹងដៃគូអាជីវកម្មរួមគឺ ក្រុមហ៊ុន អ អឹម អេ គ្រុប (RMA Group) កាលពីខែឧសភា ឆ្នាំ ២០១៧ ហើយក្រុមហ៊ុននេះត្រូវបានផ្លាស់ប្ដូរឈ្មោះទៅជា BSP Finance វិញ គឺដើម្បីបង្កើន និងអភិវឌ្ឍអាជីវកម្មរបស់យើងនៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះ យើងនឹងផ្ដោតលើទិសដៅនៃភាពចំណេញ និងចំណែកទីផ្សារ។

ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន BSP មានទំនុកចិត្តថា អតិថិជននឹងយល់ថា ក្រុមហ៊ុន BSP Finance នឹងក្លាយជាដៃគូអាជីវកម្មជំនាញមានអត្ថប្រយោជន៍សម្រាប់ពួកគាត់នៅក្នុងប្រទេសកម្ពុជា។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លោក កូស្តាស កុងស្តង់ទីនូ (Sir Kostas Constantinou) បានថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា និងធនាគារ ប៉ាពូ ញូវហ្គីនៀ (BPNG) ដែលបានរួមចំណែកដល់ចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការបើកក្រុមហ៊ុនហិរញ្ញប្បទានទ្រព្យសកម្មនៅក្នុងប្រទេសកម្ពុជា ហើយបានថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន BSP Finance Ltd ក្រុមហ៊ុន អ អឹម អេ គ្រុប ដែលជាដៃគូ និងអគ្គនាយកក្រុមហ៊ុនគឺ លោក ខេវិន វីតក្រាហ្វ (Kevin Whitcraft) ដែលជាច្រើនឆ្នាំមកនេះ បានរួមចំណែកដល់ការវិនិយោគអាជីវកម្មនេះ និងចែករំលែកបទពិសោធន៍នៅក្នុងប្រទេស ក៏ដូចជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍អាជីវកម្មរួមគ្នាមួយនេះផងដែរ។

លោក កូស្តាសថ្លែងទៀតថា៖ «BSP ជាស្ថាប័នហិរញ្ញវត្ថុដែលមានទុនរឹងមាំ មានការគោរព និងទទួលផលចំណេញនៅក្នុងប្រទេសប៉ាពូ ញូវ ហ្គីនា និងតំបន់ប៉ាស៊ីហ្វិក។ ប្រាក់ចំណេញដុលក្រោយកាត់ពន្ធរបស់យើងនៅឆ្នាំ ២០១៦ គឺមានចំនួន ១៧៥លានដុល្លារ ហើយគណនីតុល្យការរបស់យើងគឺមានចំនួនទឹកប្រាក់ ៣៦០០ លានដុល្លារ ហើយមូលធនទីផ្សាររបស់យើងគឺមានចំនួន ១២៣០ លានដុល្លារ»

លោកបានបន្ថែមថា ក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រងក្រុមហ៊ុន រំពឹងថានឹងទទួលបានផលចំណេញសម្រាប់ឆ្នាំ២០១៨ ហើយការបង្កើតក្រុមហ៊ុន BSP Finance (កម្ពុជា) នឹងផ្ដល់លទ្ធភាពឲ្យក្រុមហ៊ុន BSP អាចពង្រីកសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនទៅក្នុងវិស័យកាន់តែច្រើនថែមទៀតនៃសេដ្ឋកិច្ចរបស់កម្ពុជា និងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
បច្ចុប្បន្ន ក្រុមហ៊ុន BSP Finance Ltd មានប្រតិបត្តិការនៅក្នុងប្រទេសហ្វ៊ីជី ប៉ាពូ ញូវ ហ្គីនា កោះសូឡូម៉ុន និងប្រទេសកម្ពុជា។

BSP ជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសប៉ាពូ ញូវ ហ្គីនា។ ប្រទេស ប៉ាពូ ញូវ ហ្គីនា ស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី និងភាគខាងជើងប្រទេសអូស្ត្រាលី។ ប្រទេសនេះមានប្រជាជនប្រមាណជា ១០ លាននាក់ និងមានផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ១៨ ពាន់លានដុល្លារ។ ក្រុមហ៊ុន BSP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៧ ហើយបានចាប់ផ្ដើមប្រតិបត្តិការក្នុងនាមជាសាខារបស់ធនាគារជាតិអូស្ត្រាលី នៅទីក្រុង Port Moresby ដែលជារដ្ឋធានីរបស់ប្រទេស ប៉ាពូ ញូវ ហ្គីនា។ ផ្ដើមចេញពីសាខាតែមួយនេះ ក្រុមហ៊ុន BSP បានចម្រើនលូតលាស់ក្លាយជាធនាគារធំជាងគេបំផុតនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង ដោយមានវត្តមាននៅក្នុងប្រទេស ប៉ាពូ ញូវ ហ្គីនា កោះ Cook ប្រទេសហ្វ៊ីជី កោះសាម៉ូអា កោះ សូឡូម៉ុន តុងហ្កា វ៉ានូអាទូ ហើយបច្ចុប្បន្ន មាននៅកម្ពុជា៕