(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៦,៥៧៣គ្រឿង រកឃើញល្មើសច្បាប់១,២៩២គ្រឿង (ម៉ូតូ៨៩ភាគរយ) អប់រំ៤៥៦គ្រឿង និងផាកពិន័យ៨៣៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែមករានេះ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៨ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន២,៨៥៥គ្រឿង អប់រំ៩០គ្រឿង និងផាកពិន័យចំនួន៧០៥គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៧១៩គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨​ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៩៨,១៥៩គ្រឿង រកឃើញយានយន្តល្មើស ១៧,០៤១គ្រឿង (ម៉ូតូ៨៤ភាគរយ) ក្នុងនោះអប់រំ ៥,៧៣០គ្រឿង និងផាកពិន័យ ១១,៣១១គ្រឿង (ម៉ូតូ៩៣ភាគរយ)៕