(បាត់ដំបង)៖ សត្វដំរី១ក្បាលឆ្លងដែន ចេញពីដីថៃមកដីខ្មែរ តាមស្រុកជាយដែន បានបង្កការភ្ញាក់ផ្អើល និងបានជាន់មនុស្សម្នាក់រងរបួសធ្ងន់ នៅចំណុចច្រមុះភ្នំណាំសាបខាងលិច ស្ថិតក្នុងភូមិសាស្រ្ត ភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅវេលាម៉ោង០២៖៣០នាទី រំលងអាធ្រាត្រឈានថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។

តាមប្រភពព័ត៌មានពីអ្នកស្រុកជាយដែន បានប្រាប់ឲ្យដឹងថា មានករណីសត្វដំរី ដើរជាន់មនុស្សម្នាក់កំពុងដេកចាំចំការ បណ្តាលឲ្យរងបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះ នៅមន្ទីពេទ្យស្រុកសំពៅលូនទាំងយប់។

ប្រភពបានបញ្ជាក់ថា ជនរងគ្រោះដែលដំរីជាន់នោះ ឈ្មោះ ចក់ គីមណៃ ភេទស្រី អាយុ៣១ឆ្នាំ មានស្រុកកំណើត នៅភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បានមកធ្វើកម្មករស៊ីឈ្នួលកាប់ដំឡូង និងស្នាក់នៅចំណុចកើតហេតុខាងលើ។

គួបញ្ជាក់ថា សត្វដំរីខាងលើនេះ បានចេញមកពីប្រទេសថៃ តាមព្រំដែនស្រុកសំពៅលូន រយៈពេល៤-៥ថ្ងៃ កន្លងមកហើយ តែមិនបានធ្វើឲ្យប៉ះពាល់អ្វីទេ ទើបនៅថ្ងៃចុងក្រោយថ្ងៃកើត ហេតុសត្វដំរីនោះ បានដើរមកដល់ចំណុចខាងលើ ដែលជនរងគ្រោះកំពុងតែដេកស្នាក់នៅក្នុងចំការ មានរោងប្រក់តង់ក៏ត្រូវសត្វដំរីដើរជាន់ បណ្ដាលឲ្យរងរបួសបាក់ឆ្អឹងជំនីរខាងស្ដាំ (ធ្ងន់) ត្រូវបានបងប្អូន និងសមត្ថកិច្ច ជួយយកទៅព្យាបាល នៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន។

ចំណែកសត្វដំរីបង្កខាងលើ កំពុងស្ថិតនៅចំណុចណាំសាប ជាប់ព្រំប្រទល់ស្រុកសំពៅលូន និងស្រុកភ្នំព្រឹកនៅឡើយ អាជ្ញាធរនិងសមត្ថកិច្វពាក់ព័ន្ធ មិនហ៊ានចាប់ដំរីនោះទុកទេ ម៉្យាងទៀតជាសត្វដំរីមកពីប្រទេសថៃ ពុំមែនជារបស់ខ្មែរ៕