(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម បានបង្ក្រាបក្រុមគ្រឿងញៀនមួយករណី ដោយចាប់បានជនសង្ស័យសរុប៧នាក់ ដោយក្នុងនោះ៣នាក់ ចាប់បាននៅភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ និង៤នាក់ទៀត ចាប់បាននៅរាជធានីភ្នំពេញ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះថា នៅថ្ងៃទី១៦ ខែមករា នៅចំណុចភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ​ កម្លាំង​ជំនាញ​បើក​ប្រតិបត្តិការបង្ក្រាប​ករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ដកហូតបានម្សៅក្រាមពណ៌ស ​ចំនួន០៩កញ្ចប់​ ទូរស័ព្ទដៃ០៣គ្រឿង និងម៉ូតូ០២គ្រឿង។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ដោយមានការសម្របសម្រួល ពី​ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ​ដើម្បីបន្តកិច្ចប្រតិបត្តិការ លុះដល់ថ្ងៃទី១៧ ខែមករា​ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ​អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ខណ្ឌឫស្សីកែវឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន០៤នាក់ជាបន្តបន្ទាប់។

ជនសង្ស័យទី១៖ឈ្មោះ ​​ឡេង ឡាំង​យូ អាយុ២៨ឆ្នាំ​, ទី២៖ឈ្មោះ​ ពិសិដ្ឋ ​អាយុ២៧ឆ្នាំ, ទី៣៖​ឈ្មោះ​ អេង សុដា ឈ្មោះពិត វាង យាំងជី អាយុ១៧ឆ្នាំ និងទី៤៖ឈ្មោះ ច្រឹក កុសល ​អាយុ៣៤ឆ្នាំ ដកហូតបាន​ម្សៅក្រាមពណ៌ស​១៤កញ្ចប់ ទូរស័ព្ទដៃ០៣គ្រឿង ម៉ូតូ០១គ្រឿង និងឧបករណ៍សេព០១សម្រាប់។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕