(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ក្នុងទិសដៅគាំពារសុខុមាលភាព និងលើកកម្ពស់ការរស់នៅរបស់ពលរដ្ឋកម្ពុជាក្នុងវ័យចាស់ឲ្យកាន់តែប្រសើរ។ (សូមទស្សនា និងស្ដាប់ប្រសាសន៍ទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន)៖

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានបង្ហាញថា មនុស្សវ័យចាស់ដែលមានអាយុពី ៦០ឆ្នាំឡើងនៅក្នុងឆ្នាំ២០១៣ មានប្រមាណ ៨% ស្មើនឹង ១.២ លាននាក់ នៃប្រជាជនសរុប១៥លាននាក់ ហើយត្រូវបានព្យាករណ៍នឹងមានកំណើនរហូតដល់១១% ស្មើនឹង ២លាននាក់ នៃប្រជាជនសរុបប្រមាណ១៨លាននាក់ នៅឆ្នាំ២០៣០។

ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ «គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០» នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បើទោះបីកន្លងមករាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើមនុស្សវ័យចាស់យ៉ាងណាក្តី តែសម្រាប់ស្ថានភាពប្រទេសនាពេលបច្ចុប្បន្ន តម្រូវឲ្យបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតសម្រាប់ មនុស្សវ័យចាស់ ដើម្បីធានាឲ្យពួកគាត់ទទួលបានការរស់នៅមួយដ៏ល្អប្រសើរ។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «នេះជាកិច្ចការថ្មីមួយ ដែលកម្ពុជាចាំបាច់ត្រូវគិតគូរយកចិត្តទុកដាក់ខ្ពស់ បើទោះបីជាកន្លងមកបញ្ហាមនុស្សចាស់មិនដែលបង្ក ផលលំបាកជាបន្ទុកធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលក្តី»

បើតាមសម្តេចតេជោ ហ៊ុន សែន ការកសាងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧- ២០៣០ ក៏ជាបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតលើមនុស្សវ័យចាស់ផងដែរ។

«ការបង្កើតនូវគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០នេះ គឺជាកិច្ចខិតខំបន្ថែមសម្រាប់លើកកម្ពស់គុណភាពជីវិតរបស់មនុស្សចាស់, ការយកចិត្តទុកដាក់ធានាសុខុមាលភាពមនុស្សចាស់ក្នុងសង្គម ដើម្បីធ្វើឲ្យសង្គមខ្មែរជាសង្គមប្រកបដោយបរិយាប័ន្ន។ នេះ គឺជាការបើកទំព័រប្រវត្តិសាស្តថ្មីនៃ ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយ ដោយផ្តោតលើការគាំពារមនុស្សចាស់នៅកមុជា ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ពួកគាត់កុងបរិការណ៍នៃការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៃប្រជាសាស្ត្រ និង ដំណើរការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចជាតិ»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែម។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានបង្ហាញក្តីសង្ឃឹមមុតមាំថា គ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និង ភាគីពាក់ព័ន្ធទាំងអស់ នឹងខិតខំរួម ចំណែកអនុវត្តការងារ ចូលរួមវិភាគទានយ៉ាងសំខាន់ ដើម្បីធ្វើឲ្យមានការប្រែប្រួលជាវិជ្ជមាននូវកម្រិតជីវភាពរស់នៅ និង គុណភាពជីវិតមនុស្សចាស់កម្ពុជាគ្រប់រូប។ សម្តេចតេជោ ហ៊ុន សែន ក៏សង្ឃឹមថា គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ នឹងសម្រេចបានជោគជ័យតាមគោលដៅដែលបានគ្រោងទុក។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្កើតមូលនិធិមនុស្សចាស់ ដើម្បីចូលរួមគាំពារដល់ការរស់នៅ របស់មនុស្សមានវ័យចំណាស់។ សម្តេចតេជោ ក៏បានថ្លែងនឹងធ្វើជាប្រធាននៃមូលនិធិមនុស្សចាស់នេះ៕