(ភ្នំពេញ)៖ ក្រុមហ៊ុន ហុង លីហេង បានរៀបចំកម្មវិធីសិក្ខាសាលា ស្ដីអំពី «KYB ក្នុងឆ្នាំ២០១៨» ដើម្បីឲ្យអតិថិជនរបស់ខ្លួន យល់ដឹងកាន់តែច្បាស់ ពីលក្ខណៈពិសេស និងសារៈ ប្រយោជន៍សំខាន់ៗ របស់ប៊ូម KYB ដែលរៀបចំធ្វើឡើងនៅក្នុងសណ្ឋាគារ Sunway រាជធានីភ្នំពេញ នាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។

លោក KHOU HOR អគ្គនាយកក្រុមហ៊ុន ហុង លីហេង បានថ្លែងថា ក្នុងឆ្នាំនេះ គឺជាខួបទី២៤ឆ្នាំហើយ ដែលបានសហការគ្នាជាមួយក្រុមហ៊ុន KYB ហើយក៏ទទួលបានភាពជោគជ័យ ជាមួយ KYB អស់រយៈពេល២៤ឆ្នាំផងដែរ។ ក្នុងរាត្រីនេះ យើងខ្ញុំមានកិត្ដយសណាស់ ដែលមានវត្តមានភ្ញៀវពិសេស ដែលអញ្ជើញមកពីក្រុមហ៊ុន KYB។

លោក KHOU HOR បានបន្ដថា «ក្នុងនាមខ្ញុំជាតំណាង ឲ្យបុគ្គលិកទាំងអស់ ក៏ដូចជាក្រុមហ៊ុន ហុង លីហេង ខ្ញុំសូមថ្លែងអំណរគុណ ដល់ភ្ញៀវកិត្តយសទាំងអស់ ដែលតែងតែជួយគាំទ្រ ដល់យើងខ្ញុំ ជាច្រើនឆ្នាំកន្លងមក និងសូមនៅតែបន្តគាំទ្រ ហុង លីហេង ក៏ដូចជា KYB តទៅទៀត»

លោក បានបន្ដទៀតថា ក្រុមហ៊ុនផ្តោតសំខាន់លើការនាំចូល គ្រឿងបន្លាក់រថយន្តគ្រប់ប្រភេទមកកាន់កម្ពុជា ដោយភ្ជាប់ជាមួយព័ត៌មាន និងបច្ចេកវិទ្យា មានស្តង់ដាខ្ពស់ ព្រមទាំងមាន ការគាំទ្រយ៉ាងខ្លាំង ពីក្រុមហ៊ុនធំៗ និងរោងចក្រអន្តរជាតិល្បីៗ ជាច្រើននៅក្រៅប្រទេសផងដែរ។

អគ្គនាយកក្រុមហ៊ុន ហុង លីហេង បានបញ្ជាក់ថា ក្រុមហ៊ុន នឹងបន្តការចែកចាយគ្រឿង បន្លាក់រថយន្តគ្រប់ប្រភេទ ដែលមានគុណភាពខ្ពស់ ដែលមានការនាំចូលពីប្រទេស ជប៉ុន អាល្លឺម៉ង់ អាមេរិច អង់គ្លេស តៃវ៉ាន់ ម៉ាទ្បេស៊ី និងប្រទេសដទៃ ជាច្រើនទៀត។

ក្នុងសិក្ខាសិលាប៊ូម KYB នេះ ក៏មានការធ្វើបទបង្ហាញដោយលោក Kaneko San តំណាងក្រុមហ៊ុន KYB អំពីសារៈប្រយោជន៍សំខាន់ៗ របស់ប៊ូម KYB ដើម្បីឲ្យអតិថិជនកាន់ តែយល់ច្បាស់ និងបានធ្វើបទបង្ហាញ ទាក់ទងនឹងបញ្ហាបូម KYB ក្លែងក្លាយផងដែរ។

លោក Kaneko San បានថ្លែងថា «យើងបានដឹងថាសព្វថ្ងៃនេះ មានបូម KYB ក្លែងក្លាយកំពុងចរាចរណ៍នៅលើទីផ្សារ ហើយក៏អគុណដល់លោកអ្នកយ៉ាងក្រៃលែង ដែលបានជូនដំណឹងនេះ មកយើងខ្ញុំឲ្យបានដឹង»

លោកបានបន្ដថា បើតាមការយល់ឃើញ គឺនៅតែមានការទិញបូមក្លែងក្លាយ យកមកប្រើប្រាស់ដដែរ ហើយក៏បានដឹងថាបូម KYB ក្លែងក្លាយ បាននឹងកំពុងចរាចរណ៍អស់ រយៈពេល ដ៏យូរមកហើយ ក៏ប៉ុន្តែក្នុងពេលថ្មីៗនេះ វាមានសន្ទុះនៃការកើនឡើងខ្លាំងគួរឲ្យកត់សំគាល់ ដែលជាកត្តាធ្វើឲ្យប៉ះពាល់ដ៏អាជីវកម្មរបស់យើង។

លោក Kaneko San បញ្ជាក់ថា «នាពេលបច្ចុប្បន្ននេះ ហុង លីហេង បានធ្វើការយ៉ាងជិតស្និតជាមួយ KYB ដើម្បីព្យាយាមរកវិធីដោះស្រាយពីបញ្ហានេះ»

សូមបញ្ជាក់ថា ហុង លីហេង មានលក់គ្រឿងបន្លាក់រថយន្តគ្រប់ប្រភេទ ដោយបានបង្កើតទ្បើង នៅឆ្នាំ១៩៨៩ មានទីតាំងស្ថិតក្នុងរាជធានីភ្នំពេញ ក្រោមក្រុមហ៊ុន សានត្រេដដីន។ ក្រុមហ៊ុន ហុង លីហេង មានការនាំចូលផលិតផល ជាច្រើនដូចជា៖ រថយន្ត កង់ទ្បាន ម៉ាស៊ីនត្រជាក់ និងគ្រឿងបន្លាក់ រថយន្តគ្រប់ប្រភេទ៕