(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ បានថ្លែងថា លោក សម រង្សុី អតីតប្រធានគណបក្សសង្រ្គោះជាតិ កំពុងយកអាយុជីវិតរបស់ពលរដ្ឋខ្មែរ ធ្វើជាចំណាប់ខ្មាំង ដើម្បីទាមទារយកអំណាចផ្ទាល់ខ្លួន។

ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​ឯង​នៅ​បរទេស កាល​ពី​ថ្ងៃ​ពុធ ទី​១៧ ខែ​មករា បាន​លើក​ឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ពន្យារ​ពេល​ការ​បោះឆ្នោត ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ទេ អំពើ​ហិង្សា​នឹង​កើត​មាន​ឡើង ហើយ​កម្ពុជា ក៏​នឹង​ត្រូវ​សហគមន៍​អន្តរជាតិ មិន​ទទួល​ស្គាល់​ទៀត​ផង។

លោក ពេជ្រ ស្រស់ បានលើកឡើងយ៉ាងដូច្នេះថា៖ «លោក សម រង្សុី កំពុងយកអាយុជីវិតរបស់ពលរដ្ឋខ្មែរ ធ្វើជាចំណាប់ខ្មាំង ដើម្បីទាមទារយកអំណាចផ្ទាល់ខ្លួនរបស់គាត់បើទោះបីជីវិតអ្នកគាំទ្រខ្លួន ក៏លោកសម រង្សុី មិនញញើតនឹងលះបង់ផងដែរ ឲ្យតែខ្លួនបានអំណាច»

លោក ពេជ្រ ស្រស់ បានបន្តថា «លោក សម រង្សុី គឺជាអ្នកនយោបាយដែលមានចរិកអន់ និងកំសាកញីបំផុត មិនហ៊ានប្រឈមមុខនឹងឧបស័គ្គ នឹងរត់ចោលបន្ទាយទុកឲ្យកូនចៅរស់នៅដោយរងារ និងរស់នៅដោយភាពអាមាសសយ៉ាងពន់ពេក មិនត្រឹមតែរត់ចោលបន្ទាយ និងកូនចៅទេ លោក សម រង្សុី ថែមទាំង យកជីវិតកូនចៅ ធ្វើជាចំណាប់ខ្មាំង ដើម្បីតថ្លៃ ដោះដូរក្នុងការទាមទារយកអំណាចផ្ទាល់ខ្លួនឯងថែមទៀតផង»

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី រួមទាំងអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមួយចំនួនទៀត បានបង្កើតចលនាថ្មីមួយឈ្មោះថា «ចលនាសង្រ្គោះជាតិ» ដើម្បីប្រមូលកម្លាំងគាំទ្ររបស់ខ្លួនឡើងវិញ ក្រោមហេតុផលថា ធ្វើឱ្យប្រសើរឡើងនូវលទ្ធិប្រជាធិបតេយ្យកម្ពុជា និងទាមទារឱ្យដោះលែង លោក កឹម សុខា និងទាមទារការចូលរួមបោះឆ្នោត។ ប៉ុន្តែចលនានេះ ត្រូវបានប្រឆាំង និងមិនចូលរួមដោយក្រុម កឹម សុខា និយម៕