(ពោធិ៍សាត់)៖ តាមប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ ឲ្យតែផុសរដូវច្រូតកាត់ស្រូវរួចហើយ ប្រជាកសិករតែងប្រារព្ធពិធីរំឭកគុណម្ចាស់ទឹកម្ចាស់ដី ដែលលោកបានអនុគ្រោះដល់ការបង្កបង្កើនផល អស់ពេលមួយអន្លើ នោះគឺពិធីបុណ្យដារលាន ឬបុណ្យពូនភ្នំស្រូវ ជាក់ស្ដែងក្នុងឆ្នាំនេះ បុណ្យដារលានដ៏ធំសម្បើម ត្រូវបានប្រារព្ធឡើងយ៉ាងគគ្រឹកគគ្រេង នៅភូមិពោធិ៍អង្រ្កង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោយពីប្រជាកសិករបញ្ចប់ការប្រមូលផលស្រូវរៀងៗខ្លួន ជាមួយទិន្នផលស្រូវសរុបទូទាំងប្រទេសបានជាង ៤៤ម៉ឺនតោន។

ពិធីបុណ្យដារលាននេះ ត្រូវបានប្រារព្ធឡើងជាមួយនឹងការតាំងបង្ហាញឧបករណ៍ សម្ភារ និងផលិតផលកសិកម្ម ក្រោមវត្តមានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ និងមានការចូលរួមពីលោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត លោក ចេង ឡៃ អភិបាលរងខេត្ត តំណាងអភិបាលខេត្ត ព្រមទាំងប្រតិភូក្រសួងនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង កំពង់ធំ បាត់ដំបង កំពង់ស្ពឺ កណ្តាល បន្ទាយមានជ័យ ខេត្តព្រះវិហារ អង្គការជាតិ-អន្តរជាតិ និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍នានា។

លោក ចេង ឡៃ បានថ្លែងថា ឆ្នាំនេះទោះបីជួបបញ្ហាបម្រែបម្រួលអាកាសធាតុដោយអន្លើក្តី ក៏បរិមាណផលស្រូវប្រមូលបាន ៤៤៣,៧២៨តោន គិតជាអង្ករ ២៤៧,០៦៨តោន និងតម្រូវការអង្ករប្រចាំឆ្នាំ ៦៧,៨៧០តោន និងនៅសល់ស្រូវជាង ២៧៩,៩៩៨តោន សម្រាប់លក់ចេញ។

លោក វេង សាខុន បានថ្លែងថា បុណ្យដារលាន គឺជាពិធីបុណ្យមួយដែលប្រជាពលរដ្ឋខ្មែរ តែងតែបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ បន្ទាប់ពីច្រូតកាត់ប្រមូលផលស្រូវរួចរាល់ ក្នុងគោលបំណងរំលឹកដឹងគុណដល់ទឹក ដី និងអាកាសធាតុ ដែលបានអនុគ្រោះដល់ការបង្កបង្កើនផលឱ្យទទួលទិន្នផលល្អ ដោយអភិរក្សបាននូវប្រពៃណី ទំនៀមទម្លាប់ ជំនឿតាំងពីបុព្វបុរស រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅតែរក្សា និងរៀបចំធ្វើបុណ្យដារលាន ឬឱ្យឈ្មោះម្យ៉ាងទៀតថា «បុណ្យពូនភ្នំស្រូវ» ជារៀងរាល់ឆ្នាំ បន្ទាប់ពីបញ្ចប់ការប្រមូលផល។

លោករដ្ឋមន្ត្រីបានបន្តថា ឆ្នាំនេះ ក្រសួងកសិកម្ម សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានជ្រើសរើសទីតាំងភូមិពោធិ៍អង្ក្រង ឃុំបឹងកន្ទួត ប្រារព្ធពិធីបុណ្យដារលាន ពីព្រោះវាមានសារប្រយោជន៍ដល់ប្រជាកសិករ ក្នុងការប្រកបមុខរបរកសិកម្ម ដែលបានផ្តល់នូវភោគផលស្រូវ អង្ករ ផលដំណាំ សម្រាប់ចិញ្ចឹមមនុស្ស សត្វឱ្យមានជីវិតរស់នៅ និងចូលរួមផ្សព្វផ្សាយជូនដល់ប្រជាកសិករ ជាពិសេសយុវជនជំនាន់ក្រោយៗបានយល់ដឹងអំពីប្រវត្តិ និងបានឃើញអំពីសកម្មភាពនីមួយៗ នៃទំនៀមទម្លាប់ ប្រពៃណីបុណ្យដារលាននេះ ដែលបានស្រាវជ្រាវ និងចងក្រងឡើងដោយមន្ត្រីជំនាញ នៃក្រសួងកសិកម្ម។

លោកសង្ឃឹមថា ពិធីបុណ្យនាពេលនេះ នឹងក្លាយទៅជាប្រធានបទមួយសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ យកទៅអនុវត្ត និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ នៅក្នុងភូមិដែលបានធ្លាប់ធ្វើកន្លងមក៕