(ភ្នំពេញ)៖ ក្រុមហ៊ុន​ Prince Realestate ដែលជាវិស័យឯកជនរបស់ចិន បានផ្តល់រថយន្តចំនួន១៣គ្រឿង ដល់អគ្គស្នងការនគរបាលជាតិ ដើម្បីយកទៅបម្រើដល់ការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលកំពុងត្រូវការជាចាំបាច់។

រថយន្តចំនួន១៣​គ្រឿងនេះ គឺជាប្រភេទរថយន្តកូរ៉េ ដែលអាចផ្ទុកមនុស្សប្រមាណជា២០នាក់ ក្នុងមួយគ្រឿង ដែលត្រូវបានប្រគល់ក្រោមវត្តមាន នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ ​ដោយត្រូវយកទៅបែងចែកទៅតាមអង្គភាពជំនាញ របស់អគ្គស្នងដ្ឋានការនគរបាលជាតិ​។

លោកឧត្តមសេនីយ៍ ចាន់ ស៊ីថា ប្រធានអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាន​ប្រាប់ក្រុមអ្នកសារព័ត៌មានថា ជំនួយដែលក្រុមហ៊ុនចិនបានផ្តល់នៅពេលនេះ គឺពិតជាឆ្លើយតប ទៅនឹងតម្រូវកាជាក់ស្តែងរបស់អង្គភាពលោកក្នុងការបំពេញការងារ ខណៈដែលកន្លងមកគឺ អង្គភាពលោកមានការលំបាក ក្នុងការចេញប្រតិបត្តិការពង្រឹងសន្តិសុខ ដោយសារតែខ្វះខាតមធ្យោបាយ ក្នុងការដឹកជញ្ជូនកម្លាំង និងសម្ភារៈផ្សេងៗ។

លោកឧត្តមសេនីយ៍ ចាន់ ស៊ីថា បានបន្តថា នេះមិនមែនលើកទីមួយទេ ដែលកម្លាំងនគរបាល​បានទទួលនូវជំនួយពីខាងវិស័យឯកជន ដែលផ្តល់តាមរយៈអគ្គស្នងការនគរបាលជាតិ ដើម្បី​ធ្វើការចែកបន្តទៅដល់អង្គភាពជំនាញ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ លោកថា​រថយន្តនេះ នឹងត្រូវយកទៅប្រើប្រាស់ឲ្យគោលដៅ ដើម្បីបម្រើដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ឆ្លើយតបទៅនឹងការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ថា រថយន្តទាំង១៣គ្រឿងនេះ ត្រូវបែងចែកទៅអង្គភាពនគរបាលការពារ ចំ​នួ​ន​៤គ្រឿង អង្គភាពអន្តរាគមន៍ចំនួន​៣គ្រឿង អង្គភាពតម្រួតបញ្ជាចំនួន ៤គ្រឿង និងអគ្គស្នងការនគរបាលជាតិចំនួន​២គ្រឿង៕