(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នៅសប្តាហ៍ក្រោយនេះ សម្តេចនឹងខកខានជួបកម្មករមួយរយៈ ដើម្បីទៅចូលរួមកិច្ចប្រជុំអាស៊ាន-ឥណ្ឌា នៅប្រទេសឥណ្ឌា។

ការប្រកាសរ​បស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅថ្ងៃពុធ១កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេច បន្តចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី សរុបប្រមាណ១៦,៩០៩នាក់ មកពីរោងចក្រសហគ្រាសចំនួន២០ នៅតំបន់ព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចនឹងចាកចេញពីកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ហើយនឹងវិលត្រឡប់ពីប្រទេសឥណ្ឌាមកវិញ នៅថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០១៨។

សម្តេចបានបន្តទៀតថា នាថ្មីៗនេះ កម្ពុជាទើបនឹងទទួលទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី នៃប្រទេសដែលមានប្រជាជនជាង១៣៥០លាននាក់ ហើយសប្តាហ៍ក្រោយនេះ សម្តេចនឹងទៅជួបមេដឹកនាំនៃប្រទេសដែលមានប្រជាជនជាង១២០០លាននាក់វិញម្តង។

សម្តេចបានថ្លែងថា នេះគឺជាការវិវឌ្ឍ នៃនយោបាយការបរទេសរបស់កម្ពុជា។ សម្តេចបញ្ជាក់ថា «យើងអនុវត្តនយោបាយការបរទេសមួយ ដោយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ហើយគោលដៅធំនៃ នយោបាយនេះគឺជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា»