(ស្ទឹងត្រែង)៖ ក្រោយចុះពិនិត្យគុណភាព និងកម្រិតបរិមាណរង្វាស់រង្វាល់ប្រេងឥន្ទនៈ នៅតាមស្ថានីយប្រេងឥន្ទនៈ ក្នុងខេត្តស្ទឹងត្រែង នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ មន្រ្តីកាំកុងត្រូល និងកម្លាំងសមត្ថកិច្ចបានដាក់កំហិតឲ្យម្ចាស់ស្ថានីយប្រេងឥន្ទនៈមួយចំនួន ត្រូវតែអនុវត្តតាមការកំណត់ឲ្យបានត្រឹមត្រូវជាបន្ទាន់ ក្រោយត្រួតពិនិត្យឃើញថា ស្ថានីយប្រេងទាំងនោះអនុវត្តខុសប្រក្រតី ដូចជា ចាក់ប្រេងមិនគ្រប់លីត្រ ប្រេងគ្មានគុណភាពជាដើម។

ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយមានការសហការគ្នា រវាងកម្លាំងកាំកុងត្រូលខេត្តស្ទឹងត្រែង ជាមួយកម្លាំងសមត្ថកិច្ច និងកម្លាំងអាជ្ញាធរពាក់ព័ន្ធ ដែលដឹកនាំដោយលោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង។

លោក គឹម ប្រុស បានបញ្ជាក់ថា ​​ក្នុងសកម្មភាពចុះពិនិត្យស្ថានីយប្រេងនេះ មន្ត្រីជំនាញចុះពិនិត្យបានចំនួន ១៦កន្លែង និងរកឃើញភាពមិនប្រក្រតីមួយចំនួន ដូចជា រង្វាស់រង្វាល់មិនគ្រប់លីត្រ ដោយក្នុង១០០លីត្រ កន្លែងខ្លះបាត់២លីត្រ ខ្លះ៣លីត្រ និងខ្លះបាត់ដល់ទៅ៥លីត្រក៏មាន ហើយប្រេងខ្លះទៀតមានគុណភាពអន់ ​តម្រូវឲ្យម្ចាស់ស្ថានីយធ្វើកិច្ចសន្យាកែប្រែ និងបានជូនដំណឹងទៅម្ចាស់ក្រុមហ៊ុនឲ្យដំឡើង​កម្រិតគុណភាពឡើងវិញ។

លោកប្រធានបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ប្រេងឥន្ទនៈទាំងអស់ ត្រូវចេះជ្រើសរើសស្ថានីយប្រេងណា ដែលមានផលិតផលល្អ ពេលប្រើប្រាស់កុំឲ្យខូចខាតទ្រព្យសម្បត្តិរបស់ខ្លួន។  

អ្នកស្រី គៀង ម៉ាលី ម្ចាស់ស្ថានីយប្រេងវឌ្ឍនៈ នៅក្រុងស្ទឹងត្រែង ​បានទទួលស្គាល់ថា ឆ្លងតាមការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានរកឃើញ​ឧបករណ៍តាមស្ថានីយប្រេង​ដែលប្រើប្រាស់សព្វថ្ងៃ​មានការខ្វះខាតលើសលោះខ្លះៗមែន​ ដោយសារតែឧបករណ៍ទាំងនោះ ចាស់សឹករីករិលបញ្ចេញខ្យល់ច្រើនជាងប្រេង។

អ្នកស្រីចូលរួមសាទរជាមួយមន្ត្រីជំនាញ ដែលបានរកឃើញហេតុផលច្បាស់លាស់ ហើយលោកស្រីនឹងធ្វើការផ្លាស់ប្តូរឧបករណ៍បច្ចេកទេសចាស់ៗចេញ ដើម្បីធ្វើការកែតម្រូវឲ្យបានត្រឹមត្រូវទៅតាមស្តង់ដារ ដើម្បីចូលរួមបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ និងទាក់ទាញអតិថិជនឲ្យមកគាំទ្របានច្រើន។

លោក ថាច់ ស្រង់ ប្រជាពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង បានគាំទ្រចំពោះការភ្ញាក់រលឹកនេះ ​ព្រោះវាបានជួយកាត់បន្ថយការបាត់បង់ធនធានរបស់ប្រជាពលរដ្ឋទូទៅ ​​​ព្រោះជាច្រើនឆ្នាំកន្លងមក សមត្ថកិច្ច​​ជំនាញក៏មិនដែលបានធ្វើកិច្ចការងារនេះដែរ។

ពលរដ្ឋរូបនេះបានស្នើឲ្យមន្ត្រីជំនាញថា ប្រសិនបើរកឃើញស្ថានីយណាមួយ មានភាពមិនប្រក្រតី សូមឲ្យម្ចាស់ធ្វើកិច្ចសន្យាកែប្រែនឹងរៀបចំឧបករណ៍បច្ចេកទេស ឲ្យបានត្រឹមត្រូវទៅតាមក្រឹត្យក្រមរង្វាស់រង្វាល់ជាស្តង់ដារ និងបញ្ឈប់ការកេងប្រវ័ញ្ចហួសហេតុទាំងនេះទៀត៕