(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បើកប្រជុំផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃ និងសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក ជាមួយមន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ សំដៅពង្រឹងការអនុវត្តច្បាប់ចរាចរណ៍របស់មន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។ ការគោរពច្បាប់បានល្អ គឺផ្តើមចេញពីយើងម្នាក់ៗ។

ក្នុងពិធីផ្សព្វផ្សាយច្បាប់ចរាចណ៍ផ្លូវគោក​លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា បញ្ហាចរាចរណ៍នៅរាជធានីភ្នំពេញ មានកត្តាច្រើន ដោយសារតែមានកំណើនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ក្នុងនោះអ្នកដែលស្នាក់នៅជាអចិន្រ្តៃយ៍ ចុះបញ្ជីមានប្រហែល១,៨សែននាក់ និងអ្នកដែលមកស្នាក់នៅបណ្តោះអាសន្ន តាមរយៈការមកធ្វើការងារផ្សេងៗជាដើម ប្រហែល៨សែននាក់ ដោយមិនបានរាប់បញ្ចូល អ្នកដែលមកធ្វើដំណើរឆ្លងកាត់រាជធានី មកពី ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងបណ្តាខេត្តជាច្រើនទៀត។

លោកអភិបាលរង បានបញ្ជាក់ថា «បញ្ហាកកស្ទះចរាចរណ៍ មានកត្តាសត្យានុម័ត និងកត្តាអន្តោម័ត ដែលធ្វើឲ្យរាជធានីភ្នំពេញរបស់យើង ប្រឈមជាមួយនឹងបញ្ហាកកស្ទះចរាចរណ៍។ ឥឡូវនេះ អ្នកណាក៏គេនិយាយដែរ អំពីបញ្ហាកកស្ទះចរាចរណ៍ ដែលកើតឡើងដោយសារតែកត្តាវិទ្យាសាស្រ្ត កត្តាសេដ្ឋកិច្ច និងកំណើតមធ្យោបាយធ្វើដំណើរ»

ទាក់ទងទៅនឹងមធ្យោបាយធ្វើដំណើរ បើតាមរបាយការណ៍របស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហាញថា គ្រាន់តែរថយន្តដែលចុះបញ្ជីមានចំនួន៤សែន៦ម៉ឺនគ្រឿង និងម៉ូតូ១លាន៦សែនគ្រឿង ដែលបាននិងកំពុងធ្វើចរាចរណ៍នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ បើក្រឡេកទៅមើលពីអត្រា នៃការគ្រោះថ្នាក់ចរាចរ នៅក្នុងរាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០១៧ គឺមានចំនួន៥៦២លើក លើ៥០៧លើក បើប្រៀធៀបនឹងឆ្នាំ២០១៦ មានការកើនឡើងចំនួន៥៥លើក ស្នើនឹង១១ភាគរយបណ្តាលឲ្យមនុស្សស្លាប់២២០នាក់ និងអ្នករងរបួសទាំងធ្ងន់និងស្រាល ៧៦២នាក់។

លោកបន្តថា បើសិនជាយើងក្រឡេកមើលទិន្នន័យនៃអត្រាគ្រោះថ្នាក់នេះ ​នៅក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍គណៈកម្មការសុវត្ថិភាព ចរាចរណ៍ទូទាំងប្រទេសដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរកឃើញថាអត្រាគ្រោះថ្នាក់ចរាចរនៅភ្នំពេញគឺឈរលំដាប់លេខ១នៅទូទាំងប្រទេស។

ក្នុងប្រជុំនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានការណែនាំពីសម្តេចក្រឡាហោម អំពីភាពធូររលុងនៅក្នុងការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក អីចឹងហើយបានជាប៉ុន្មានថ្ងៃកន្លងមកថ្មីៗនេះ ចាប់តាំងពីថ្ងៃចូលឆ្នាំសកល ២០១៨មក សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងតាមផេកផ្ទាល់ខ្លួន ក៏ដូចជាតាមការចែកចាយនូវព័ត៌មានកន្លងមក គឺបានស្តីបន្ទោសទៅដល់ខណ្ឌដូនពេញ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ អំពីភាពធូររលុងនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រោយពីមានការរឹតបន្តឹងច្បាប់ចរាចរណ៍ ម៉ូតូដែលបើកបញ្ច្រាសទិស គ្មានពាក់មួកសុវត្ថិភាព ត្រូវបានចាប់រហូតដល់ជាង៩ពាន់គ្រឿង។ ម៉ូតូដែលបើកល្មើសច្បាប់ចរាចរណ៍ទាំងអស់នោះ នឹងយកទៅការិយាល័យចរាចរណ៍ផ្លូវគោករយៈពេល៣ថ្ងៃ និងផាកពិន័យទៅតាមច្បាប់ចរាចរណ៍ ហើយម៉ូតូដដែលប្រព្រឹត្តល្មើសច្បាប់ជាលើកទី២ នឹងចាប់យកទុករយៈពេល១ខែ។ បើពិនិត្យតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ គឺគ្រោះថ្នាក់ចរាចរទូទាំងប្រទេសជាមធ្យមប្រមាណ៥នាក់ស្លាប់ក្នុងមួយថ្ងៃ ហើយអ្នករងរបួសជាមធ្យម១៥នាក់ ហើយអ្នកស្លាប់ របួស ពិការភាពអចិន្រ្តៃយ៍ ទាក់ទងនឹងដួលបោកក្បាលដែលទាក់ទងនឹងការមិនពាក់មួយសុវត្ថិភាព។

លោកបន្តថា ទាក់ទងនឹងច្បាប់ចរាចរណ៍ ទើបក្រសួងមហាផ្ទៃបានចេញសារាចរ ក៏ដូចជាបទបញ្ជាផ្ទៃក្នុងស្តីពីការជំរុញអនុវត្តច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ និងកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងខូចខាតទ្រព្យសម្បត្តិ ដោយគ្រោះថ្នាក់ចរាចរផ្លូវគោក ដែលជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែង ហើយមន្រ្តីក្រោមឱវាទនិងថ្នាក់ដឹកនាំរបស់ក្រសួងមហាផ្ទៃត្រូវអនុវត្តបទបញ្ជានេះដើម្បីធ្វើជាគំរូអនុវត្តច្បាប់ចរាចរណ៍៕