(ភ្នំពេញ)​៖​ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចូលរួមសម្តែងនូវការសោកស្តាយ និងបានផ្តល់អំណោយមនុស្សធម៌ជាលើកទី ២ ជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ១៨គ្រួសារ ស្មើនឹង ១៨ខ្នងផ្ទះ កាលពីល្ងាចថ្ងៃទី ១៥ ម្សិលមិះនេះ​ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ។ ជាមួយគ្នានេះ លោកស្រី ក៏បានអំពាវនាវដល់ប្រជាជនទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភពនៃគ្រោះថ្នាក់ និងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋរងគ្រោះ សូមកុំអស់សង្ឃឹមហើយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ព្រោះអំណោយដែលបានផ្តល់ជូនពេលនេះ អាចជួយសម្រាលការលំបាកបានមួយគ្រាប៉ុណ្ណោះ។

គ្រួសាររងគ្រោះទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លាជួយដោះស្រាយទុក្ខលំបាក ដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា។

គ្រួសារនីមួយៗទទួលបាន​៖​ អង្ករ​ ៦០គីឡូក្រាម​ មី​ ១កេស​ ត្រីខ​ ១០កំប៉ុង​ មុង១​ សារុង១​ ក្រមា១​ ភួយ១​ តង់១​ និងថវិកា​ ២០០.០០០ម៉ឺនរៀល។​

សូមបញ្ជាក់ថា​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌសែនសុខ​ បានចុះសួរសុខទុក្ខ​ និងផ្ដល់អំណោយមនុស្សធម៌​ ១លើក​ រួចមកហើយ កាលពីព្រឹកថ្ងៃទី​ ១៦​ ខែមករា​ ឆ្នាំ២០១៨​ នេះ៕