(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូទៅកាន់ ប្រទេសឡាវរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ដើម្បីចូលរួមកិច្ចប្រជុំស្តីពី វិស័យសន្តិសុខនៃប្រទេសទាំងពីរ។

​ថ្លែងប្រាប់អ្នកសារ​ព័ត៌មានមុននឹងឡើងយន្តហោះ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ ជំនួយការផ្ទាល់សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា នៅក្នុងដំណើទស្សនកិច្ចនោះសម្តេច ស ខេង នឹងជួបជាមួយលោក ថងលួន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ច​ប្រជុំជាច្រើន ជាមួយភាគីឡាវទាក់ទងនឹងបញ្ហាសន្តិសុខនៃប្រទេសទាំងពីរ។

​ក្នុងកិច្ចប្រជុំនោះភាគីកម្ពុជា និងឡាវនឹងខិតខំធ្វើយ៉ាងណាឲ្យសន្តិសុខនៃប្រទេស ក៏ដូចជាតាមបណ្តោយព្រំដែនទាំងពីរ កាន់តែមានល្អប្រសើបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ នៃប្រទេសទាំងពីរក្នុងការប្រកមមុខរបរផ្សេង។។

ភាគីទាំងពីរក៏នឹងលើកអំពីបញ្ហាគ្រឿងញៀន ដែលបានចរាចរណ៍ឆ្លងកាត់ តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ហើយនឹងខិតខំរួមគ្នាទប់ស្កាត់ នូវបទល្មើសផ្សេងៗជាដើម។

សូមរំលឹកថា នៅក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមរវាងអភិបាលខេត្ត ដែលជាប់នឹងព្រំដែននៃប្រទេសទាំងពីរផងដែរ៕