(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៧,៤៨១គ្រឿង រកឃើញល្មើសច្បាប់១,៤៩៩គ្រឿង (ម៉ូតូ៨៥ភាគរយ) អប់រំ៤០១គ្រឿង និងផាកពិន័យ១០៩៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែមករានេះ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៦​ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន២,៩៩៦គ្រឿង អប់រំ៤១គ្រឿង និងផាកពិន័យចំនួន៦៧៦គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៨៤១គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦​ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៨៤,៤៧៧គ្រឿង រកឃើញយានយន្តល្មើស ១៤,៣០៦គ្រឿង (ម៉ូតូ៨៤ភាគរយ) ក្នុងនោះអប់រំ ៤,៧៣៩គ្រឿង និងផាកពិន័យ ៩,៥៦៧គ្រឿង (ម៉ូតូ៩៣ភាគរយ)៕