(កំពង់ចាម)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ចាម សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ បានបន្តចុះអង្កេត និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារ៧មករា ក្នុងក្រុងកំពង់ចាម និងផ្សារកោះរកា នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោក ជួន សុជាតិ ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងការចុះ​អង្កេតទំនិញ ម្ហូបអាហារនៅផ្សារទាំងពីរខាងលើនេះ មន្រ្តី ជំនាញរបស់លោកបានរកឃើញ សរសៃបាញ់កាញ់ ចំនួន៥គីឡូក្រាម មានលក់នៅផ្សារ៧មករា ក្នុងក្រុងកំពង់ចាម និងបានរក​ឃើញ ស្រាបៀរូបដំរី ចំនួន២៤កំប៉ុង និងភេសជ្ជៈ ZEUS ចំនួន២៤កំប៉ុង ហួសកាលបរិច្ឆេទ បានធ្វើកំណត់ហេតុ ដកហូតទុកកម្ទេចចោល។​

លោកប្រធានសាខាបានបន្តថា ដោយគិតពីសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ មន្រ្តីកាំកុងត្រូលខេត្ត បានយកចិត្តទុកដាក់ បានពិនិត្យតាមផ្ទះ និងតាមផ្សារនិយាយរួម គឺតាមផ្សារនានា នៃខេត្តកំពង់ចាមតែម្តង ហើយជាលទ្ធផល​មន្ដ្រីជំនាញ បានរកឃើញទំនិញមួយចំនួនខូច​គុណភាព។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់​ឲ្យបានយល់ដឹងអំពី ផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ​ប្រើប្រាស់ និងការដាក់លាយបន្ថែម សារធាតុគីមី​ហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្ត្រីកាំកុងត្រូល ក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់ សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់៕