(សៀមរាប)៖ ស្ថាប័នធានាគុណភាពជប៉ុន (JQA) នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ បានបើកសវនកម្មប្រចាំឆ្នាំ លើការងារគ្រប់គ្រងបរិស្ថាន-អង្គរ នៃអាជ្ញាធរជាតិអប្សរា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក សុខ លក្ខិណា ប្រធានអង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា និងជាតំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា និងសវនករ នៃស្ថាប័ន JQA ចំនួន២រូប គឺលោក Kozo Sakurada និងលោក Yamada Mamoru។

សវនករនៃស្ថាប័ន JQA លោក Kozo Sakurada លើកឡើងថា សវនកម្មលើកនេះជាការអនុវត្តស្តង់ដារថ្មី ISO14001-2015 ដោយក្នុងពេលសវនកម្មត្រូវផ្តោតលើ ៥ចំណុច ដូចជា ភាពមិនអនុលោកម្រិតធ្ងន់ធ្ងរ ភាពមិនអនុលោមកម្រិតស្រាល ឱកាសសម្រាប់កែលម្អ (ចំណុចតាមសង្កេត) ចំណុចល្អ និងចំណុចខ្លាំងរបស់នាយកដ្ឋានឬអង្គភាពទាំង១៦នៃអាជ្ញាធរជាតិអប្សរា។

ជាមួយគ្នានេះដែរ សវនកម្មក៏នឹងវាយតម្លៃផងដែរ តើស្ថាប័នអាជ្ញាធរជាតិអប្សរាដែលបានទទួលវិញ្ញាបនបត្រ ISO14001 ដល់ទៅ៤លើកមកហើយនោះ បានពិនិត្យឡើងវិញនូវប្រព័ន្ធគ្រប់គ្រងរបស់ខ្លួនឱ្យអនុលោមទៅនឹងស្តង់ដារថ្មី ISO14001-2015 ហើយឬនៅ? និងបានបំពេញចំណុចកំណត់ដោស្តង់ដារថ្មីនេះហើយឬនៅ? តាមរយៈសវនកម្មនេះ ក្រុមការងារគ្រប់គ្រងប្រព័ន្ធបរិស្ថាន និងក្រុមជំរុញការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា កាន់តែយកចិត្តទុកដាក់និងមានស្មារតីបន្ថែមទៀតលើបញ្ហានេះ។

លោក សុខ លក្ខិណា លើកឡើងថា អាជ្ញាធរជាតិអប្សរាពិតជាមានមោទនភាពណាស់ ដែលអង្គរទទួលបានវិញ្ញាបនបត្រ ISO14001 ពីស្ថាប័នធានាគុណភាពរបស់ជប៉ុនជាបន្តបន្ទាប់ ហើយរមណីយដ្ឋានអង្គរ គឺជារមណីយដ្ឋានបេតិកភណ្ឌពិភពលោកតែមួយគត់ ដែលបានទទួលវិញ្ញាបនបត្រគ្រប់គ្រងប្រព័ន្ធបរិស្ថាន។

តាមរយៈវិញ្ញាបនបត្រនេះ អង្គរបានជាប់ចំណាត់ថ្នាក់ជាគោលដៅទេសចរណ៍លេខ១ លើពិភពលោកដែរ នឹងខិតខំបន្តទៀត ដើម្បីទទួលបានវិញ្ញាបនបត្រក្នុងដំណាក់កាលបន្ទាប់ និងដើម្បីភាពស្រស់ស្អាតនៃបរិស្ថានអង្គរ។

លោកក៏បានជំរុញឲ្យនាយកដ្ឋាន ឬអង្គភាពទាំងអស់ ត្រៀមលក្ខណៈ និងទទួលស្វាគមន៍សវនករ JQA ក្នុងដំណើរការធ្វើសវនកម្មលើស្តង់ដារថ្មីនៅពេលនេះ។
លោកបញ្ជាក់ថា លទ្ធផលដែលយើងទទួលបានកន្លងមក ក៏មិនមែនដើម្បីសម្រាប់តែអាជ្ញាធរជាតិអប្សរាប៉ុណ្ណោះទេ តែសម្រាប់ប្រជាជនកម្ពុជា និងជាតិរបស់យើងទាំងមូល៕