(ភ្នំពេញ)៖ សម្រាប់ឆ្នាំ២០១៨នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញឲ្យដឹងថា មានគម្រោងចំនួន៧ នឹងត្រូវដាក់ឲ្យអនុវត្តលើវិស័យ សាធារណការ និងដឹកជញ្ជូន នៅឆ្នាំ២០១៨នេះ។

ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ពីគម្រោងទាំង៧នោះរួមមាន៖

ទី១៖ គម្រោងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរួមមាន៖ កំណាត់ផ្លូវជាតិលេខ១ (ច្បារអំពៅ-ក្តីតាកុយ) កំណាត់ផ្លូវជាតិលេខ៥ (ភ្នំពេញ-ព្រែកក្តាម) កំណាត់ផ្លូវជាតិលេខ៦ (ថ្នល់កែង-អង្រ្គង/សៀមរាប) ផ្លូវជាតិ១៥៧៧ (ឃុំត្រែង ស្រុករតនៈមណ្ឌល-ឃុំសំឡូត ខេត្តបាត់ដំបូង) ផ្លូវជាតិលេខ៥៥ (ពោធិ៍សាត់ វាលវែង-ថ្មដា ព្រំប្រទល់កម្ពុជា-ថៃ) និងកម្រោងស្តារឡើងវិញផ្លូវជាតិលេខ២១ (រង្វង់មូលតាខ្មៅ-ជ្រៃធំ)។

ទី២៖ គម្រោងបើកការដ្ឋានសាងសង់ផ្លូវ-ស្ពាន៖ ស្ពានឆ្លងទន្លេមេគង្គ (ក្រូចឆ្មារ-ស្ទឹងត្រង់) ផ្លូវជាតិលេខ១១ (អ្នកលឿង-ថ្នល់ទទឹង) កំណាត់ផ្លូវជាតិលេខ៥ (បាត់ដំបង-សិរីសោភ័ណ) ផ្លូវជាតិលេខ៣ (រង្វង់មូលចោមចៅ-ទីរួមខេត្តកំពត) ផ្លូវជាតិលេខ៧ (ខ្លាស្ទុះ ខេត្តក្រចេះ-ខេត្តស្ទឹងត្រែង) ផ្លូវជាតិលេខ៥ (ព្រែកក្តាម-ធ្លាម្អម) ផ្លូវជាតិលេខ២ (ក្រុងតាខ្មៅ-ដូនកែវ អូរចំបក់) ផ្លូវជាតិលេខ២២ (អូរចំបក់-អង្គតាសោម ខេត្តតាកែវ)។

ទី៣៖ គម្រោងផ្លួវល្បឿនលឿន៖ អនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងបញ្ចប់ការចរចារគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

ទី៤៖ គម្រោងអភិវឌ្ឍន៍ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ ជាមួយធនាគារពិភពលោក WB រួមមាន៖ គម្រោងថែទាំជួសជុលផ្លូវជាតិលេខ៧ (ថ្នល់ទទឹង ក្រុងក្រចេះ) ផ្លូវជាតិលេខ៣ (កំពត-វាលរិញ) និងផ្លូវជាតិលេខ៤ (ភ្នំពេញ-ក្រុងព្រះសីហនុ)។

ទី៥៖ ម្រោងអភិវឌ្ឍន៍ក្រោមហិរញ្ញប្បទាន សហប្រតិបត្តិការជាមួយធនាគារអាស៊ី ADB រួមមាន៖ គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រុងរបៀងខាងត្បូង (ប៉ោយប៉ែត បាត់ដំបង បាវិត និងទីប្រជុំជនអ្នកលឿង), គម្រោងអភិវឌ្ឍន៍ក្រុងរបៀង២ ដោយផ្តោតការអភិវឌ្ឍក្រុងតាមតំបន់ឆ្នេរ គឺក្រុងកែប និងក្រុងព្រះសីហនុ, និងគម្រោងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាប មានក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់។

ទី៦៖ គម្រោងអភិវឌ្ឍន៍ក្រោមហិរញ្ញប្បទាន សហប្រតិបត្តិការជាមួយប្រទេសថៃ៖ សាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិ និងផ្លូវតភ្ជាប់ (អគារប៉ុស្តិ៍ព្រំដែនមកភ្ជាប់នឹងផ្លូវជាតិលេខ៥)។

ទី៧៖ ក្រសួងនឹងជំរុញការស្តារ សាងសង់ និងជួសជុលផ្លូវថ្នល់ ឲ្យមានគុណភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវ៕