(សៀបរាម)៖ រោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្ត ដែលស្ថិតនៅផ្នែកអាគ្នេយ៍ នឹងត្រូវធ្វើការបំពាក់ពិតានឈើក្បាច់ដូចដើមឡើងវិញ។ នេះបើតាមមន្ត្រីនៃអាជ្ញាធរជាតិអប្សរា។

ការបំពាក់ពិតានឈើនៅលើរោងទងកូរសមុទ្រទឹកដោះនេះ ជាគម្រោងសហការរបស់អាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទបុរាណពិភពលោក (WMF) របស់សហរដ្ឋអាមេរិក។

អ្នកសម្របសម្រួលអង្គការមូលនិធិប្រាសាទបុរាណពិភពលោក និងជាអ្នកអនុវត្តគម្រោង លោកស្រី ជាម ផល្លី បានឲ្យដឹងថា គម្រោងនេះអាចនឹងបញ្ចប់នៅពេលណាបានទេ ព្រោះពិតានឈើថ្មីទាំងនេះឆ្លាក់តែជាងចម្លាក់ម្នាក់គត់។

តាមការរៀបរាប់របស់លោកស្រី ពិតានឈើទាំងអស់ត្រូវឆ្លាក់តាមទម្រង់ដើម ដែលមានបន្សល់ទុកតាំងពីបុរាណកាលមក។ ម្យ៉ាងទៀត ទាំងសមត្ថភាពឆ្លាក់ និងគុណភាពរូបចម្លាក់ ក៏ត្រូវទទួលស្គាល់ដោយគណៈកម្មការអាយស៊ីស៊ី-អង្គរដែរ។

ឈើដែលត្រូវយកមកឆ្លាក់ធ្វើជាពិតាន គឺឈើគគីរ។ ហេតុផលដែលជ្រើសរើសឈើគគីរ ព្រោះថាឈើពិតានដែលបន្សល់ពីបុរាណ និងរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ និងសារមន្ទីរនៅប្រទេសបារាំង ក៏ជាប្រភេទឈើគគីរដែរ។

លោកស្រី ជាម ផល្លី ពន្យល់ថា សាច់ឈើគគីរធន់នឹងទឹក ហើយគម្រោងនេះត្រូវការឈើគគីរជាង ១០ម៉ែត្រគូប ប៉ុន្តែអ្វីដែលជាបញ្ហានៅពេលនេះ គឺកង្វះឈើដែលធ្វើឱ្យគម្រោងមានភាពយឺតយ៉ាវ។

គម្រោងបំពាក់ពិតានឈើថ្មីលើរោងទងកូរសមុទ្រទឹកដោះនេះ ទទួលបានការគាំទ្រពីគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ តាំងសម័យកិច្ចប្រជុំបច្ចេកទេសលើកទី២៥ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ កន្លងមក។

លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ធ្លាប់លើកឡើងថា ពិតានឈើថ្មីដែលនឹងត្រូវយកទៅបំពាក់លើថែវកូរសមុទ្រទឹកដោះនេះ គឺមានឆ្លាក់ចម្លាក់ក្បាច់ ធ្វើតាមសំណល់បុរាណ ដោយមានក្បាច់ចំនួន ១០ប្រភេទ គឺក្បាច់ផ្កាចន្ទ ក្បាច់ផ្កាពងត្រី ក្បាច់ត្រឡាចបំបែក ក្បាច់ពេជ្រក្តារ ក្បាច់ចែងអង្គរ ក្បាច់ស្នឹងព័ទ្ធ ក្បាច់សន្លឹកឈូកបំបែក ក្បាច់ពងត្រីរង្វង់ ក្បាច់កេសរ និងក្បាច់ផ្លែឈូក។

គួរបញ្ជាក់ថា នៅឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១២ អាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទបុរាណពិភពលោក បានជួសជុលដំបូលរោងទងកូរសមុទ្រទឹកដោះ ដើម្បីរក្សាឲ្យបាននូវផ្ទាំងចម្លាក់ដែលរៀបរាប់ពីការកូរសមុទ្រទឹកដោះ តាមរយៈការទាញព្រ័ត្រយកឈ្នះចាញ់រវាងពួកទេព និងពួកអសុរ។ឯការជួសជុល ចាំបាច់ត្រូវប្រើប្រាស់បន្ទះសំណ ពី២ទៅ៣មីលីម៉ែត្រ ធ្វើយ៉ាងណាកុំឱ្យទឹកលិចដំបូល ដែលនឹងអាចប៉ះពាល់ដល់ចម្លាក់៕