(ភ្នំពេញ)៖ សាលដីការបស់តុលាការកំពូលដែលកាត់ទោសលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងករណីបរិហារកេរ្តិ៍សម្តេច ហេង សំរិន ប្រធានរដ្ឋសភានោះ នាថ្មីៗនេះ បានចូលស្ថាពរហើយ ខណៈដែលភាគីដើមបណ្តឹងគ្រោងនឹងទាមទារឱ្យអនុវត្តសាលដីកានេះ។

លោក សម រង្ស៉ី ដែលកំពុងនិរទេសខ្លួនទៅក្រៅប្រទេស នាពេលកន្លងទៅនេះ ត្រូវបានតុលាការកំពូល ចេញសាលដីកាសម្រេចពិន័យ១០,០០០,០០០រៀល ចូលថវិការដ្ឋ និងប្រាក់សងជំងឺចិត្តដល់ សម្តេចពញ្ញាចក្រី ហេង សំរិន ដែលជាដើមបណ្តឹងចំនួន ២៥០.000.000 រៀល (ពីររយហាសិបលានរៀល) (ប្រហែលជាង៦ម៉ឺនដុល្លារ) ពាក់ព័ន្ធនឹងករណីដែលលោកបង្ហោះនៅលើ បណ្តាញសង្គម Facebook របស់លោក ដោយចោទប្រកាន់សម្តេច ហេង សំរិន ថាជាអ្នកកាត់ទោស សម្តេច សីហនុ កាលដឹកនាំប្រទេស។

សំណុំរឿងនេះ ត្រូវបានប្តឹងដោយ លោក គី តិច មេធាវីសម្តេច ហេង សំរិន ប្រធានរដ្ឋសភា កាលពីចុងឆ្នាំ២០១៥។

សូមជំរាបថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិបានបង្ហោះវីដេអូ ដោយបានចោទរបបរដ្ឋកម្ពុជា ដែលដឹកនាំដោយសម្តេច ហេង សំរិន ថាបានដាក់ទោស សម្តេច សីហនុ ជាជនក្បត់ជាតិ។ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកភ្ជាប់ជាមួយវីដេអូមួយកាលនោះថា «យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថាជាជនក្បត់ជាតិ»

រហូតដល់ពេលនេះ លោក សម រង្ស៊ី ដែលកំពុងគេចខ្លួនទៅក្រៅប្រទេស កំពុងញាំញីដោយពាក្យបណ្តឹង នៅតុលាការកម្ពុជា ក្នុងនោះមាន ការទាមទារឱ្យអនុវត្តសាលក្រមរឿងចាញ់ក្តី ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង, សំណុំរឿងក្លែងឯកសារព្រំដែនបំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ និងសំណុំរឿងបរិហារកេរ្តិ៍ លើសម្តេច ហេង សំរិន ជាដើម។ សំណុំរឿងបរិហាកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន រួមទាំងសំណុំរឿងមួយចំនួនទៀត៕