(ភ្នំពេញ)៖ គណៈកម្មាការមូលបត្រកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីហានិភ័យនៃការជួញដូររូបិយប័ណ្ណឌីជីថល (Cryptocurrency Trading) ដែលមិនទាន់បានផ្តល់អាជ្ញាប័ណ្ណ ឬការអនុញ្ញាតឲ្យធ្វើការប្រតិបត្តិការបោះផ្សាយ និងជួញដូរនៅកម្ពុជាឡើយ។

សេចក្តីជូនដំណឹងរបស់គណៈកម្មការមូលបត្រកម្ពុជា បានបញ្ជាក់ថា ការអំពាវនាវអំពីហានិភ័យនៃការជួញដូររូបិយប័ណ្ណឌីជីថលនេះ ព្រោះកន្លងមក គណៈកម្មការមូលបត្រកម្ពុជា បានសង្កេតឃើញមា នការផ្សព្វផ្សាយយ៉ាងសកម្មតាមប្រព័ន្ធអ៊ីនធើណែត និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ អំពីការបោះផ្សាយ និងការជួញដូររូបិយប័ណ្ណឌីជីថល ដែលជាប្រភេទឧបករណ៍ហិរញ្ញវត្ថុថ្មី មិនទាន់មានការសិក្សាច្បាស់លាស់ ដែលការជួញដូរ ឬការជាប់ពាក់ព័ន្ធអាចមានហានិភ័យខ្ពស់ និងបង្កឲ្យមានការខាតបង់ប្រាក់ ឬទ្រព្យសម្បត្តិផ្ទាល់ខ្លួនច្រើនទៀតផង។

គណៈកម្មការមូលបត្រកម្ពុជា សូមអំពាវនាវឲ្យសាធារណជនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ លើការជាប់ពាក់ព័ន្ធ ឬប្រឡូកក្នុងការជួញដូររូបិយប័ណ្ណឌីជីថលទាំងនេះ ដែលនាំឲ្យមានការទទួលខុសត្រូវ និងរ៉ាប់រងដោយខ្លួនឯងលើហានិភ័យ និងការខាតបង់ជាយថាហេតុ។

សូមជម្រាបថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ប្រាប់ទៅដល់គ្រប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ហាមធ្វើប្រតិបត្តិការពាក់ព័ន្ធ នឹងការចរាចរ រូបិយវត្ថុ Crypto (លុយអេឡិចត្រូនិក)។

ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការផ្សព្វផ្សាយ និងការធ្វើប្រតិបត្តិការជួញដូររូបិយវត្ថុអេឡិចត្រូនិចទាំងនេះ អាចផ្ដល់ហានីភ័យដល់ សារធារណជន និងជាមធ្យោបាយសម្រាប់ ការសម្អាតប្រាក់ហិរញ្ញវត្ថប្បទានភេវរកម្ម និងទីផ្សារងងឹត ដោយសារតែអ្នកប្រើប្រាស់ និងវិនិយោគមួយចំនួន មិនមានការយល់ដឹងពីរូបិយវត្ថុនេះនៅឡើយទេ ដែលងាយរងការឆបោកផ្សេងៗ៕