(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបន្តយកចិត្តទុកដាក់ ទទួលខុសត្រូវឲ្យបានខ្ពស់ ត្រួតពិនិត្យឲ្យបានម៉ត់ចត់ នូវលក្ខណៈបច្ចេកទេសសាងសង់ថែទាំ និងជួសជុលផ្លូវ ស្ពាន ឲ្យស្របតាមលក្ខណស្តង់ដារគុណភាព និងសុវត្ថិភាពបន្ថែមទៀត។

សម្តេចក្រឡាហោម ស ខេង បានថ្លែងបន្តថា ចំពោះបញ្ហាផ្លូវជាតិមួយចំនួន ដែលបានកសាងកន្លងមកនេះ មានផ្លូវជាតិមួយចំនួន គុណភាពល្អ ហើយនៅមានផ្លូវជាតិមួយចំនួនទៀត នៅមានគុណភាពអត់នៅឡើយ។ ជាក់ស្តែងផ្លូវជាតិលេខ៨A តភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅផ្លូវជាតិលេខ៧A ដែលទើបធ្វើថ្មី មកដល់ពេលនេះ វាមានលក្ខណៈទ្រុឌទ្រោមជាងផ្លូវចាស់ពីមុន ដែលមិនសូវបានជួសជុល។ សម្រាប់ផ្លូវជាតិលេខ៨ ជួសជុលជាបន្តបន្ទាប់ ក៏ប៉ុន្តែនៅតែមិនធានាគុណភាព ដូចផ្លវជាតិផ្សេងទៀត ដែលនេះជាចំណុចមួយ ត្រូវកែលម្អឡើងវិញ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «នេះជាបទពិសោធន៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ដែលចាំបាច់ត្រូវតែពិនិត្យគុណភាព លើសំណង់ផ្លូវជាតិ និងលក្ខណៈបច្ចេកទេស ឲ្យបានច្បាស់លាស់ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរ និងប្រើប្រាស់លើផ្លូវនេះដោយផ្ទាល់»

សម្តេចក្រឡាហោម ស ខេង បានជំរុញឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ខិតខំកែលម្អ​ ពង្រឹងយុទ្ធការ និងបន្តកិច្ចសហការឲ្យបានជិតស្និតជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ ដែលកំពុងក្លាយជាជំងឺ និងជាមេរោគបំផ្លាញផ្លូវថ្នល់។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យមន្ត្រីបន្តធ្វើយ៉ាងណាឲ្យសកម្ម និងម៉ឹងមាត់បំផុត ក្នុងការគ្រប់គ្រងយានយន្ត ជួសជុលកែច្នៃយានយន្ត ការត្រួតពិនិត្យ និងឈានទៅដល់ការកាត់បន្ថយ រថយន្តខុសបច្ចេកទេស ដើម្បីរួមចំណែកការគ្រប់គ្រងយានយន្ត ឲ្យមានរបៀបរាបរយ ដើម្បីចូលរួមការការកាត់បន្ថយការកុះស្ទុះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ឲ្យទទួលបានផលវិជ្ជមាន៕