(ភ្នំពេញ)៖ កងទ័ពមួកខៀវកម្ពុជា ដែលបម្រើការនៅ កងវិស្វកម្មលេខ៩៦៣ ចំនួន១៨៤នាក់ នឹងចេញពីបំពេញបេសកកម្មរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ ខណៈដែលកងវិស្វកម្មលេខ៣៦៩ និងកងវិស្វកម្មលេខ៤៥៩ ដែលបានបញ្ចប់បេសកកម្ម នឹងត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃជាមួយគ្នានេះដែរ​ សរុប១៨៤នាក់។

បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងការពារជាតិ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះបញ្ជាក់ថា ពិធីជូនដំណើរ និងទទួលនិវត្តន៍នេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងជិត៥,០០០នាក់ ក្នុងនោះមានស្រ្តីចំនួនជាង២០០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។

បច្ចុប្បន្នកម្ពុជា មានកម្លាំងចំនួនជិត១០០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៥រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងម៉ាលី។ កម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើឲ្យប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន៕