(ភ្នំពេញ)៖​ ​លោក​ គង់​ វុទ្ធី​ អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ​ ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរការ ពស ២៥៦១​ ត្រូវថ្ងៃទី១៦​ ខែមករា ឆ្នាំ២០១៨នេះ​ ​បានដឹកនាំមន្រ្តី​កាំកុងត្រូល​ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មាការដើមគរ ខណ្ឌ​ទួលគោក​ ចុះត្រួតពិនិត្យទំនិញ និងយកគំរូមួយចំនួនដូចជា បន្លែស្រស់ ផ្លែឈើស្រស់ គ្រឿងសមុទ្រ ជ្រក់គ្រប់មុខ និងគុយទាវសរសៃរតូច គុយទាវសរសៃធំ មីលឿងស្រស់បញ្ជូនមករថយន្ត Labo ដើម្បីរកសារធាតុគីមីហាមឃាត់។

លោក​ គង់​ វុទ្ធី​ បានបញ្ជាក់ថា​ ប្រតិបត្តិការចុះពិនិត្យទំនិញនេះ គឺអនុវត្តន៍ជាបន្ទាប់បន្តដោយស្ថិតក្រោមការណែនាំរបស់ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជ​រដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងប្រធានកាំកុងត្រូលរាជធានីភ្នំពេញ។ ការចុះពិនិត្យទំនិញខាងលើនោះ​ លោកបានផ្សព្វផ្យាយ អប់រំ ណែនាំដល់អាជីវករ និងអ្នកប្រើប្រាស់ឲ្យយល់ដឹង អំពីសុវត្ថិភាពចំណីអាហារ។

លោកអនុប្រធានក៏បាន​ណែនាំ ដល់ក្រុមអាជីវករ​ទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាម​លក្ខណៈបច្ចេកទេស​ ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុ​ពុល និងម្ហូបអាហារ​  ហាមការដាក់តាំងផលិតផល ភេសជ្ជៈត្រូវកំដៅថ្ងៃ​  និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។

លោកបានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភព ច្បាស់លាស់សិន មុននឹងទទួលលក់ ហើយបញ្ឈប់ការលាយបន្ថែម នូវសារធាតុគីមីហាមឃាត់ ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើអោយប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់។

​គួរបញ្ជាក់ថា ក្នុងការចុះអនុវត្តន៍ពិនិត្យទំនិញនៅផ្សារដើមគរ​ គឺមន្ត្រីកាំកុងត្រូលមិនបានដកហូតទំនិញអ្វីទេ ដោយសារពិនិត្យរកមិនឃើញមានជាតិគីមី។  ប៉ុន្តែបើមន្ត្រីកាំកុងត្រូលពិនិត្យឃើញទំនិញ មានសារធាតុគីមី​ មន្ត្រីកាំកុងត្រូលនឹងអញ្ជើញម្ចាស់ទំនិញ​ ទៅធ្វើកិច្ចសន្យាបញ្ឈប់ការដាក់លក់ទំនិញមានសារធាតុគីមី៕