(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ តំណាងឱ្យលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ និងជាតំណាងឱ្យ លោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានក្រុមការងារចុះជួយសង្កាត់ទឹកថ្លា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារ ចុះជួយសង្កាត់ទឹកថ្លា សហការជាមួយ លោក តាន់ ណាវិន ប្រធានគណបក្សសង្កាត់ទឹកថ្លា ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភូមិបុរីកម្មករ ចំនួន១៦គ្រួសារ ដែលទទួលរងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះ កាលពីល្ងាចម្សិលមិញនេះ និងបាននាំយកនូវថវិកាសរុបចំនួន ៣,២០០,០០០រៀល និងអង្ករសរុបចំនួន ៨០០ គីឡូក្រាម ដោយមួយគ្រួសារ ទទួលបានថវិកាចំនួន ២០០,០០០រៀល និងអង្ករចំនួន៥០គីឡូក្រាម។

លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ បានឲ្យដឹងថា ក្រុមការងារចុះជួយសង្កាត់ទឹកថ្លា ក៏បានឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀលដល់គ្រួសារមួយ ដែលរងគ្រោះឆេះជញ្ជាំងផ្ទះអស់មួយចំហៀង ផងដែរ។ ក្នុងនោះក៏បានពាំនាំនូវ​ការសួរសុខទុក្ខ ពីសំណាក់ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ដោយសូមបងប្អូនបងប្រជាពលរដ្ឋ ត្រូវយកចិត្ដទុកដាក់ទៅលើសុខភាព និងបន្ថែមនូវការប្រុងប្រ័ត្នខ្ពស់។

គួរបញ្ជាក់ថា គ្រោះអគ្គិភ័យ ដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅតាមផ្លូវលេខ២៧១ ក្មុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីល្ងាចថ្ងៃទី១៥​ ខែមករា ឆ្នាំ២០១៨ ដោយបានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋចំនួនខ្នង១៥ខ្នង ដែលជាប្រភេទសំណង់តូចៗ៕