(យូណាន)៖ ក្នុងដំណើរទស្សនកិច្ចនៅខេត្តយូណាន ប្រទេសចិន រយៈពេល៤ថ្ងៃ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានពាំនាំនូវលទ្ធផលការងារជូនជាតិជាបន្តបន្ទាប់ ក្នុងនោះលោកបានបញ្ជាក់ថា ក្រុមអ្នកវិនិយោគមួយចំនួនរបស់ចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការវិនិយោគ លើវិស័យទេសចរណ៍នៅភ្នំពេញ សៀមរាប កោះកុង និងតំបន់គោលដៅទេសចរណ៍ផ្សេងទៀត។

រដ្ឋមន្ត្រី ថោង ខុន បញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសលោកដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយអភិបាលរងខេត្តយូណាន នា​ថ្ងៃ​ទី១៥ ខែមករា ឆ្នាំ២០១៨ ពោលក្នុងដំណើរទស្សនកិច្ចនៅខេត្តយូណាន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែមករា ឆ្នាំ២០១៨។

ក្នុងឱកាសនោះ ភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នា បន្តជំរុញការអភិវឌ្ឍទេសចរណ៍របស់ប្រទេសទាំងពីរ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ តាមរយៈការជំរុញលំហូរទេសចរទៅវិញទៅមក កិច្ចសហការលើការបណ្តុះបណ្តាល ធនធានមនុស្ស និងការគាំទ្រគម្រោងរបស់វិនិយោគិនខេត្តយូណាន ក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងតំបន់ឆ្នេរ។

អ្វីដែលសំខាន់នោះ ក្រុមអ្នកវិនិយោគមួយចំនួនរបស់ចិនក៏បានសម្ដែងការគាំទ្រ និងត្រៀមខ្លួនជាស្រេចក្នុងការវិនិយោគលើវិស័យទេសចរណ៍ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកោះកុង និងតំបន់គោលដៅទេសចរណ៍ផ្សេងៗទៀត។

ក្រៅពីនេះ មហាមិត្តកម្ពុជា-ចិន ក៏បានប្ដេជ្ញាគាំទ្រ និងប្តេជ្ញាអនុវត្តឲ្យបានល្អលើគោលនយោបាយ «ខ្សែក្រវាត់ និងវិថី» និងស្មារតីនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ដែលនឹងជួយទ្រទ្រង់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បម្រើដល់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅតាមបណ្តាប្រទេសតាមបណ្តោយផ្លូវសូត ក៏ដូចជានៅកម្ពុជា៕