(តាកែវ)៖ លោកបណ្ឌិត ពេជ សោភ័ន សមាជិកគណៈធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា, អនុប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយ ស្រុកព្រៃកប្បាស នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ បានថ្លែងថា បើគ្មានថ្ងៃជ័យជម្នះ៧មករានេះទេ ក៏គ្មានអ្វីៗនៅថ្ងៃនេះដែរ។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ពេជ សោភ័ន អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៣៩ នៃទិវាជ័យជំនះ ៧មករា (៧.០១.១៩៧៥-៧.០១.២០១៨) និងសំណេះសំណាលជាមួយ សមាជិកគ្រួសារបក្ស ចំនួន១៤០០នាក់ នៅឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី១៦ ខែមករានេះ។

លោកបណ្ឌិត ពេជ សោភ័ន បានលើកឡើងថា តាំងពីថ្ងៃបដិសន្ធិរហូតដល់បច្ចុប្បន្ន ជាពិសេសក្នុងរយៈពេលជាង ៣៨ឆ្នាំចុងក្រោយ គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីជាកម្លាំង ស្នូលរបស់ជាតិ ក្នុងការដឹកនាំប្រទេស ឲ្យទទួលបានសុខសន្ដិភាព និងការអភិវឌ្ឍដ៏ធំធេង។

លោកបណ្ឌិត បានឲ្យដឹងថា ថ្ងៃនេះ ជាថ្ងៃខួបអនុស្សាវរីយ៍ លើកទី៣៩ នៃទិវាជ័យជម្នះ៧មករា។ មហាជ័យជម្នះជា ប្រវិត្ដសាស្ដ្រ លើរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី៧ មករា ១៩៧៩ គឺមានសារៈសំខាន់ធំធេងបំផុតចំពោះការ រស់ឡើងវិញ ការស្ថិតស្ថេរគង់វង្ស និងការរីកចម្រើននៃមាតុភូមិ និងប្រជាជនកម្ពុជា ដែលចងចាំជានិច្ចថា ថ្ងៃ៧មករា ជាថ្ងៃកំណើតទី២ របស់ខ្លួន។

អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវរូបនេះ «បើគ្មានថ្ងៃជ័យជម្នះ៧មករានេះទេ ក៏គ្មានអ្វីៗនៅថ្ងៃនេះដែរ ហេតុនេះហើយ បានជាយើង រៀបចំពិធីរំឭកខួប អនុស្សាវរីយ៍លើកទី៣៩ នៅថ្ងៃនេះ»

លោកបណ្ឌិត ពេជ សោភ័ន បានបញ្ជាក់ថា រយៈពេលជាង៣៨ឆ្នាំ នៃសករាជថ្មីនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំក្នុងការការពារជាតិ និងការស្ដារកសាងប្រទេសឡើងវិញ ពីលេខសូន្យ ហើយថែមទាំងត្រូវគេហ៊ុមព័ទ្ធ ខាងនយោបាយ និងសេដ្ឋកិច្ចពីខាងក្រៅយ៉ាងអមនុស្សធម៌ និងអយុត្ដិធម៌ថែមទៀត។

លោកថា ទោះបីត្រូវឆ្លងកាត់នូវឧបសគ្គធំៗ និងការលំបាករាប់ម៉ឺនជំពូកយ៉ាងណាក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជា បានរក្សាការពារនូវបុព្វហេតុ ដ៏ត្រឹមត្រូវរបស់ខ្លួនជានិច្ចដោយបាន ទប់ស្កាត់ មិនឲ្យរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នង អាចវិលត្រលប់មកវិញឡើង។

លោកបណ្ឌិត បានបន្ដទៀតថា គណបក្សប្រជាជនកម្ពុជា បានការពារនូវការរស់ឡើងវិញរបស់ប្រជាជាតិ និងនាំមកជូន ប្រជាជនវិញ នូវសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ កិត្ដិយស និង សេចក្ដីថ្លៃថ្លូរ ដែលបានបាត់បង់ទាំងស្រុង ក្នុងរបបប៉ុលពត ស្ដារនិងកសាងវិស័យសេដ្ឋកិច្ច សង្គមកិច្ចឲ្យមានការប្រែប្រួល និងរីកចម្រើនជាបន្ដបន្ទាប់ និងធ្វើឲ្យជីវភាពរស់នៅរបស់ ប្រជាជនមានស្ថិរភាពជាជំហានៗ។

ជាមួយគ្នានោះ លោកបណ្ឌិត ពេជ សោភ័ន ក៏អំពាវនាវឲ្យសមាជិក-សមាជិកាទាំងអស់ បោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា និងចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ៕