(ភ្នំពេញ)៖ សារនយោបាយថ្មីមួយ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចេញមុខ មកបកអាក្រាតថា លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង គឺជារនុកក្នុងមួយរបស់គណបក្សប្រជាជនកម្ពុជា និងអះអាងថា ការបង្កើតកម្លាំងចលនាសង្រ្គោះជាតិរបស់លោក សម រង្ស៊ី គោលបំណងដើម្បីកម្ទេចអតីតកម្លាំងរបស់ កឹម សុខា តែប៉ុណ្ណោះ។

សារនយោបាយរបស់ លោក ពេជ្រ ស្រស់ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook បានរំលឹកឡើងវិញអំពីប្រវត្តិរបស់ លោក សម រង្ស៊ី ដែលបានធ្វើជារណុកក្នុង និងដៃគូជាមួយ សម្តេចតេជោ ហ៊ុន សែន ដើម្បីកម្ចាត់បក្សហ៊្វុនស៊ិនប៉ិច ចាប់តាំងពីលោកនៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិច ហើយបន្ទាប់មកបង្កើតគណបក្សជាតិខ្មែរ នៅទស្សវត្ស៩០មកម្ល៉េះ។

ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឆាកប្រយុទ្ធក៏ចាប់ផ្តើមឡើងដោយលោក សម រង្ស៊ី សុខចិត្តធ្វើជារនុកក្នុងឲ្យ បក្សប្រជាជន ដើម្បីជាថ្នូរនឹងអំណាច ក្រោយមកទៀតចលនារនុកក្នុងក៏មានសកម្មភាពរហូតដល់លោក សម រង្ស៊ី ហើរចេញពីសំបុកមកបង្កើត គណបក្សខ្លួនឯងមួយ មានឈ្នោះថាបក្សជាតិខ្មែរ ភ្លាមនោះលោក សម រង្ស៊ី ក៏បានដើរតួរយ៉ាងសកម្ម ក្នុងការបំបែកកម្លាំងអ្នករាជានិយម រហូតដល់គណបក្សរាជានិយមកម្លាំងចុះខ្សោយ។ ក្រោយពីកម្លាំងបក្សរាជានិយមចុះខ្សោយហើយ លោក សម រង្ស៊ី នៅតែមិនអស់ចិត្តក៏បបួលមេធំ «លោក ហ៊ុន សែន» របស់ខ្លួនកែប្រែច្បាប់ពី២/៣ មក ៥០+១ ក្នុងការរៀបចំរដ្ឋាភិបាល ដើម្បីកំចាត់ ទ្រនំចាស់ឲ្យរលត់សូន្យ ពីឆាកនយោបាយតែម្តង»

លោក ពេជ ស្រស់ បានបញ្ជាក់ទៀតថា ក្រោយមកទៀតក៏កើតចេញនូវក្រុមប្រឆាំងស៊ីឈ្នួលម្តងវិញ គឺកើតនូវបក្ស សម រង្ស៊ី ដែលដឹកនាំដោយ ផ្ទាល់ពីលោក សម រង្ស៊ី ក្រុមនេះបានលូតលាស់ជាលំដាប់រហូត មានអាសនៈ ក្នុងសភាជាតិ២៦អាសនៈ ក៏ប៉ុន្តែគូរប្រកួតរបស់ខ្លួន «អ្នកប្រឆាំងស៊ីឈ្នួល» បានលេចចេញមកប្រណាំង ជាមួយនឹងខ្លួននោះ គឺក្រុមរបស់ លោក កឹម សុខា ដោយក្រុមនេះបាននាំគ្នាបង្កើត នូវគណបក្សមួយមានឈ្មោះថា «បក្សសិទ្ធិមនុស្ស»។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា «ខណៈនោះក្រុមលោក សម រង្ស៊ី ក៏នាំគ្នាចំអកឲ្យក្រុមលោក កឹម សុខា ភ្លាមដោយពោលពាក្យថា ជាក្រុមគណបក្សឆ្កែនោម ដាក់គល់ស្លឹកគ្រៃ ឬជាគណបក្សមួយដំបរស្វា ការដៀមដាមឲ្យក្រុមបក្សលោក កឹម សុខា យ៉ាងដូច្នេះ គឺលោក សម រង្ស៊ី ខ្លាចលោក កឹម សុខា ដណ្តើមកន្លែងបាន និងខ្លាចលោក ហ៊ុន សែន បោះបង់រូបខ្លួនចោល»

លោក ពេជ្រ ស្រស់ បានបន្ថែមទៀតថា ដោយក្រុមរបស់លោក កឹម សុខា ធំធាត់យ៉ាងឆាប់រហ័សធ្វើឲ្យលោក សម រង្ស៊ី ភ័យដេកមិនលក់ រហូតធ្វើឲ្យលោក សម រង្ស៊ី សម្រេចចិត្តដើតួរ ជាអ្នកបំបែកកម្លាំងម្តងទៀត គឺដូចរូបលោកធ្លាប់ បំបែកកម្លាំងបក្សរាជានិយមអញ្ចឹងដែរ។

លោកថ្លែងថា ដោយចង់បានអំណាចខ្លាំងពេក លោក សម រង្ស៊ី ក៏បន្ទាបខ្លួនមកចាប់ដៃនយោបាយជាមួយនឹងក្រុមរបស់លោក កឹម សុខា រហូតដល់ទទួលបានផលយ៉ាងត្រចះត្រចង់ ក៏ប៉ុន្តែបើទោះបីជាទទួលបាននូវលទ្ធផលយ៉ាង ត្រចះត្រចង់ពីការចាប់ដៃជាមួយ លោក កឹម សុខា យ៉ាងណាក៏ដោយក៏លោក សម រង្ស៊ី មិនបានបំភ្លេចថាខ្លួន ជារនុកក្នុងរបស់ សម្តេច ហ៊ុន សែន ដែរដោយលោក សម រង្ស៊ី បង្ហើបឲ្យមានកិច្ចសន្ទនា រវាងកម្លាំងនៃខ្លួននឹងកម្លាំងរបស់សម្តេច ហ៊ុន សែន រហូតដល់មានការណែនាំគ្រួសារនឹងគ្រួសារហូបបាយជុំគ្នាទៀត ដើម្បីបន្សាបកម្លាំងបក្សសង្រ្គោះជាតិ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ទៀតថា «ជាអកុសលយុទ្ធសាស្រ្តបន្សាបមិនមានឥទ្ធិពលដល់គណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ក៏បានដើរ តួរឈុតល្បែងស្បែកកាំឱ្យ លោក ហោ ណាំហុង បន្តរឿងក្តីដើម្បីឲ្យតុលាការចោទប្រកាន់ខ្លួនឲ្យមានទោសរត់ទៅស្រុកក្រៅ ក្នុងគោលបំណង ឲ្យគណបក្សសង្រ្គោះជាតិរលាយ ប៉ុន្តែគណបក្សសង្រ្គោះជាតិ នៅតែមិនទាន់រលាយ ទីបំផុតលោក សម រង្ស៊ី ក៏លេងល្បែងមរណចុងក្រោយ គឺ ជួយផ្ញើវិដេអូ លោក កឹម សុខា ដែលមានទម្ងន់ទោសក្បត់ជាតិឲ្យទៅរាជរដ្ឋាភិបាល ទើបគណបក្សសង្រ្គោះជាតិរលាយបានសម្រេចមែន។

លោកបន្តថា «ក្រោយរំលាយគណបក្សសង្រ្គោះជាតិ បានសម្រេចហើយ លោក សម រង្ស៊ី មើលឃើញកូនស្រីលោក កឹម សុខា នឹងលោក ញ៉ែម បុញ្ញរិទ្ធ សកម្មខ្លាំងខ្លាចអ្នកទាំងពីរនោះប្រមូលកម្លាំងមនុស្សមកវិញបាន លោក សម រង្ស៊ី ក៏ចេញយុទ្ធសាស្រ្តកម្ទេចកម្លាំងចុងក្រោយ គឺលោកបានចេញមកបង្កើត «ចលនាសង្រ្គោះជាតិ» ដើម្បីបើកដៃឲ្យច្បាប់កម្ចាត់កម្លាំងអតីតបក្សសង្រ្គោះជាតិបង្ហោយតែម្តង»