(យូណាន-ចិន)៖ ក្រសួងទេសចរណ៍កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ជំរុញការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ ជាមួយវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈ ខេត្តយូណាន។ ជាមួយនោះ ភាគីមិត្តចិនក៏បានឯកភាពជួយទ្រទ្រង់ ដល់ដំណើរការវិទ្យាស្ថានជាតិទេសចរណ៍កម្ពុជាផងដែរ។

ការចុះអនុស្សរណៈនេះ ត្រូវបានធ្វើឡើងនាថ្ងៃ​​ទី១៥ ខែមករា ឆ្នាំ២០១៨ ពោលក្នុងឱកាសលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ជួបពិភាក្សាជាមួយលោកស្រី Wen Shuqiong អនុប្រធានគណៈកម្មការអភិវឌ្ឍទេសចរណ៍ ខេត្តយូណាន លោក Zhang Jinglong ប្រធានវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈទេសចរណ៍ខេត្តយូណាន និងតំណាងក្រុមហ៊ុនវិនិយោគមួយចំនួនទៀត។

កិច្ចពិភាក្សានេះ ផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការរួមគ្នា លើការបង្កើតផលិតផលទេសចរណ៍ថ្មី ប្រកបដោយភាពទាក់ទាញនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយឈរលើយុទ្ធសាស្រ្ត «បុគ្គលិកម្នាក់ ជំនាញមួយ» ដោយភាគីចិនបានសន្យាផ្តល់បទពិសោធន៍ ក្នុងការរៀបចំដំណើរការវិទ្យាស្ថានទេសចរណ៍កម្ពុជា និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍។

ភាគីទាំងពីរបានគាំទ្រ និងប្តេជ្ញាអនុវត្តឲ្យបានល្អលើគោលនយោបាយ «ខ្សែក្រវាត់ និងវិថី» និងស្មារតីនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ដែលនឹងជួយទ្រទ្រង់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បម្រើដល់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅតាមបណ្តាប្រទេសតាមបណ្តោយផ្លូវសូត ក៏ដូចជានៅកម្ពុជា។

នាឱកាសនោះ ក៏មានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ជំរុញការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈ ខេត្តយូណាន ហើយភាគីចិនបានឯកភាពជួយទ្រទ្រង់ ដល់ដំណើរការវិទ្យាស្ថានជាតិទេសចរណ៍កម្ពុជាផងដែរ។

នាថ្ងៃដដែលនោះ លោករដ្ឋមន្រ្តីក៏បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយ លោក Chen Shun អភិបាលរងខេត្តយូណាន ថ្នាក់ដឹកនាំខេត្តយូណាន និងសហការី។ ភាគីទាំងពីរ កម្ពុជា-ចិន បានរំលឹកពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ​ ប្រវត្តិនៃទំនាក់ទំនងដ៏យូរលង់ ជាបងប្អូន និងជាមិត្តដ៏ជិតស្និទ្ធ និងជឿទុកចិត្តគ្នារវាងប្រទេសទាំងពីរ ពិសេស អនុសាសន៍របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ។ ភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នា បន្តជំរុញការអភិវឌ្ឍទេសចរណ៍របស់ប្រទេសទាំងពីរ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ តាមរយៈការជំរុញលំហូរទេសចរទៅវិញទៅមក កិច្ចសហការលើការបណ្តុះបណ្តាល ធនធានមនុស្ស និងការគាំទ្រគម្រោងរបស់វិនិយោគិនខេត្តយូណាន ក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍នៅខេត្តសៀមរាប រាជធានីភ្នំពេញ និងតំបន់ឆ្នេរ។

ក្នុងជំនួបនោះ ក្រុមអ្នកវិនិយោគមួយចំនួនរបស់ចិនក៏បានសម្ដែងការគាំទ្រ និងត្រៀមខ្លួនជាស្រេចក្នុងការវិនិយោគលើវិស័យទេសចរណ៍នៅតំបន់សៀមរាប ភ្នំពេញ និងកោះកុង និងតំបន់គោលដៅទេសចរណ៍ផ្សេងៗទៀត។

គួរកត់សម្គាល់ថា នៅក្នុងឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៥.៦លាននាក់ កើនឡើង ១១.៦% ក្នុងនោះទេសចរចិនស្ថិតលំដាប់ទី១ មានចំនួនជាង១.២លាននាក់ កើនឡើង ៤៦%។

បើតាមការព្យាករណ៍ នៅឆ្នាំ២០២០ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិអាចនឹងកើនឡើងដល់ ៧លាននាក់ ក្នុងនោះទេសចរចិនយ៉ាងតិច ២លាននាក់ ដោយនាំមកនូវចំណូលសរុបប្រមាណ ៥,០០០លានដុល្លារ និងបង្កើតឱកាសការងារដោយផ្ទាល់ជិត ១លាននាក់៕