(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ គម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) បានរៀបចំបទបង្ហាញស្តីពី លទ្ធផលគម្រោងសាកល្បងទីផ្សារអនាម័យ ដើម្បីចែករំលែកបទពិសោធន៍ ដល់មន្ត្រីបុគ្គលិក៣៥នាក់ នៃអាជ្ញាធរជាតិអប្សរា ដែលធ្វើការងារពាក់ព័ន្ធនឹងការអប់រំប្រជាពលរដ្ឋ។

ការធ្វើបទបង្ហាញនៅពេលនេះ គឺធ្វើឡើងក្រោយពីគម្រោងបានអនុវត្តកម្មវិធីទីផ្សារអនាម័យ ទៅលើឃុំចំនួន២ ក្នុងស្រុកបន្ទាយស្រី គឺឃុំរុនតាឯក និងឃុំរំចេក ពីខែមករា ដល់ឧសភា ឆ្នាំ២០១៧ កន្លងទៅ។

តាមរយៈបទបង្ហាញដោយ លោក សេង គុយស្រ៊ាន់ ទីប្រឹក្សាគម្រោង PAAGERA បង្ហាញថា គម្រោងទីផ្សារអនាម័យធ្វើឡើង ដោយអនុវត្តជាមួយភ្នាក់ងារលក់បង្គន់ ដោយការបណ្តុះបណ្តាលភ្នាក់ងារលក់ និងការអប់រំផ្សព្វផ្សាយផ្ទាល់ជាមួយសហគ្រាសផលិតបង្គន់។ ជាមួយគ្នានេះ ក្រុមការងារក៏សហការជាមួយអជ្ញាធរមូលដ្ឋានផងដែរ ដោយជំរុញ និងលើកទឹកចិត្តប្រជាជនចូលរួមសហការ និងសាងសង់បង្គន់ តាមដាន និងសហការជាមួយភាគីពាក់ព័ន្ធផ្សេងៗទៀត។

លោក គុយ ស្រ៊ាន់ ក៏បានបង្ហាញលទ្ធផលដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ នៃការអនុវត្តគម្រោង ដូចជា ក្រោយអនុវត្តគម្រោង បង្គន់លក់បានចំនួន ៣៣១ ក្នុងនោះឃុំគោលដៅបានចំនួន ១១៦បង្គន់។ ដោយគិតជារួម ឃុំរំចេកមានគ្រួសារដែលមានបង្គន់ប្រើប្រាស់ កើនឡើង ៥% ស្មើនឹង ៥៧% (មុនអនុវត្តគម្រោងមានត្រឹមតែ ៥២%) ចំណែកឃុំរុនតាឯក កើនឡើង ៨% ស្មើនឹង ៣៣% (មុនគម្រោងមានត្រឹមតែ ២៥%)។

លោក ជូ រ៉ាឌីណា អ្នកសម្របសម្រួលគម្រោង បានឲ្យដឹងថា គម្រោងសាកល្បងទីផ្សារអនាម័យក្នុងតំបន់អង្គរ មានគោលដៅបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញបញ្ហាអនាម័យ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានបង្គន់អនាម័យសមស្រប នៅឆ្នាំ២០២៥។ លោកបញ្ជាក់ថា បន្ទាប់ពីបញ្ចប់គម្រោងនេះជោគជ័យ នឹងមានការអនុវត្តនៅភូមិ ឃុំផ្សេងៗទៀតក្នុងតំបន់អង្គរ។

លោក ជូ រ៉ាឌីណា ក៏បានស្នើដល់ប្រជាពលរដ្ឋឱ្យចូលរួមសហការជាមួយក្រុមការងារអាជ្ញាធរអប្សរា ដែលចុះផ្សព្វផ្សាយក្នុងការប្រើប្រាស់បង្គន់ និងឱ្យពួកគាត់ចូលរួមឱ្យបានច្រើន ពិសេសអ្នកដែលមិនទាន់មានបង្គន់សម្រាប់ប្រើប្រាស់ ហើយផ្លាស់ប្តូរទម្លាប់ពីការបន្ទោបង់ពាសវាលពាសកាល មកប្រើប្រាស់បង្គន់អនាម័យវិញ៕