(ស្ទឹងត្រែង)៖ នៅចំពោះមុខថ្នាក់ដឹកនាំអាវុធហត្ថទាំងអស់ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្ត បានបញ្ជាឲ្យកម្លាំងអាវុធហត្ថទាំងអស់ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត នូវការបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្ដ្ររបស់ខ្លួនឲ្យបានកាន់តែល្អបន្ថែមទៀត។

ការដាក់បទបញ្ជាបែបនេះ ត្រូវបាន​លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បញ្ជាក់ថា ធ្វើតាមអនុសាសន៍របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ដែលត្រូវធ្វើយ៉ាងណាឲ្យកម្លាំងអាវុធហត្ថទាំងអស់ ត្រូវទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើស ក្នុងភូមិសាស្ដ្ររបស់ខ្លួនឲ្យខាងតែបាន។

ការថ្លែងនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោកដឹកនាំ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០១៨។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានបំពាក់ឋានន្តរស័ក្តិជូនដល់នាយអាវុធហត្ថ​០១រូប ថ្នាក់វរសេនីយ៍ទោ (មេបញ្ជាការអាវុធហត្ថ​ក្រុងស្ទឹងត្រែង) និងបានប្រគល់គ្រឿងឥស្សរិយយស ការងាររបស់រាជរដ្ឋាភិបាលជូនដល់នាយអាវុធហត្ថចំនួន​០៦រូប​ផងដែរ។

បើតាមលោកមេបញ្ជាការ ការបំពាក់ឋានន្ដរស័ក្ដិ និងប្រគល់គ្រឿងឥស្សរិយយស បង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់លើ​មកថ្នាក់ក្រោម និងដើម្បីឲ្យស័ក្ដិសមនូវអ្វីដែលនាយអាវុធហត្ថបានបំពេញការងារកន្លងមក។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ក៏បានវាយតម្លៃខ្ពស់នូវអ្វីដែលកម្លាំងអាវុធហត្ថខេត្តបំពេញបានយ៉ាងល្អនាពេលកន្លងមក ប៉ុន្ដែទន្ទឹងនូវអ្វីដែលធ្វើបានល្អហើយនោះ ក៏ត្រូវខិតខំបន្ថែមទៀតដើម្បីឲ្យកាន់តែប្រសើរឡើង៕