(តាកែវ)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន២ គឺភូមិព្រៃភ្លង និងព្រៃដកពរ នៅឃុំសំបួរ ស្រុកទំា្រង ខេត្តតាកែវ បាននិងកំពុងប្រមូលមេដៃបានជាង៣០០នាក់ រៀបចំឯកសារស្នើទៅអភិបាលខេត្ត ឱ្យជួយស្តារប្រឡាយស្ថានីយ៍សាមពុត (ផ្លូវទឹក) ប្រមាណ៣គីឡូម៉ែត្រ ដើម្បីឱ្យកសិករអាចប្រកបរបរធ្វើកសិកម្ម សម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ។

តាមប្រជាកសិករ និងជាសមាជិកភូមិព្រៃភ្លង កញ្ញា សែម នីម បានឱ្យដឹងថា ប្រព័ន្ធធារាសស្ត្រ សាមពុតនេះ បង្កើតឡើងកាលពីអំឡុងឆ្នំា១៩៩១ ដើម្បីឱ្យកសិកររស់នៅក្នុងតំបន់ អាចប្រកបមុខកសិកម្មជាស្នូល ក្រៅពីការប្រកបមុខរបរផ្សេងៗ។

កញ្ញា សែម នីម បន្តថា «មកដល់សព្វថ្ងៃនេះស្ថានីយ៍មូមទឹកសាមពុត មិនអាចឱ្យប្រជាកសិករធ្វើស្រែបានគ្រប់រដូវ ដូចការចង់បានពីមុនៗនោះទេ ព្រោះជម្រៅបាតប្រឡាយមេនេះ វាកាន់តែរាក់ទៅហើយ។ ជាក់ស្តែង នៅពេលរដូវប្រាំងមកដល់ ស្ថានីយ៍មូមទឹកសាមពុត ត្រូវដាច់ប្រភពទឹកទាំងស្រុង»។

កញ្ញាបន្តថា ដើម្បីកសិករទំាង២ភូមិ ដែលមានផ្ទៃដី ធ្វើស្រែប្រមាណ១០០ហិកតា ទទួលបានអត្ថប្រយោជន៍ពីស្ថានីយបានដូច គ្រាមុនៗ មានទឹកគ្រប់គ្រាន់ដែល អាចឱ្យប្រជាពលធ្វើស្រែគ្រប់រដូវបាន ប្រជាពលរដ្ឋរស់នៅភូមិព្រៃភ្លង និងភូមិព្រៃដកពរ បានស្រុះស្រួលគ្នា ផ្តិតមេដាយ បានជាង៣០០នាក់ ដើម្បីរៀបចំឯកសារស្នើសុំទៅអាជ្ញាធរខេត្តតាកែវផ្ទាល់ ខណៈដែលការស្នើសុំកន្លងមក (ផ្ទាល់មាត់) ទៅថ្នាក់ស្រុក ស្ងាត់រហូតគ្មានចម្លើយ ធ្វើឱ្យកសិករគ្មានសង្ឃឹម។

លោក ជី ជីម មេឃុំសំបួរបានបញ្ជាក់ឲ្យដឹងផងដែរថា លោកបានទទួលរួចហើយនូវសំណូររបស់ប្រជាពលរដ្ឋទាំង២ភូមិខាងលើ ពាក់ព័ន្ធបញ្ហាស្តារប្រឡាយមេមួយខ្សែនេះ ប៉ុន្តែឃុំគ្មានលទ្ធភាពជួយទេ ព្រោះក្នុង១ឆ្នាំមូលនិធិឃុំមានតែជាង១ម៉ឺនដល្លារប៉ុណ្ណោះសម្រាប់ការងារអភិវឌ្ឍន៍ឃុំ ហើយឆ្នាំនេះ គឺថវិកាមូលនិធិត្រូវបានយកទៅជួសជុល ផ្លូវប្រវែង៣គីឡូម៉ែត្រ។ ដូច្នេះមានតែចាំឆ្នាំក្រោយទើបអាចយកមូលនិធិនេះ សម្រាប់ស្តារប្រឡាយនេះ តែប្រហែលថវិកានេះ មិនគ្រប់នឹងស្តារប្រឡាយមេនេះទេមើលទៅ។

លោកមេឃុំ បានឲ្យដឹងផងដែរ មូលហេតុដែលនាំការងារនេះមានការរាំងស្ទះ ដោយសារតែលោក សៀង ឈុនទ្រី ក្រុមការងារគណបក្សប្រជាជន ចុះជួយតំបន់នេះ ធ្លាប់បានលើកឡើងថា លោក និងក្រុមការងារ គ្មានលទ្ធភាព (គ្មានថវិកា) នោះទេ ចំពោះការស្តារប្រឡាយមួយនេះ។

លោកមេឃុំបន្តថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខ លោកបានរៀបចំសំណើស្នើទៅកាន់តាមឋានានុក្រម កាន់អភិបាលស្រុក ទៅមន្ទីរធនធានទឹកខេត្ត និងសាលាខេត្តផងដែរ ដើម្បីជួយដោះស្រាយបញ្ហាស្តារប្រឡាយមួយខ្សែនេះ ប៉ុន្តែលទ្ធយ៉ាងណានោះ លោកមិនទាន់ដឹងនៅឡើយទេ។

ចំពោះការស្តារប្រឡាយទឹកនេះ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បញ្ជាក់ឲ្យដឹងថា ការស្តារប្រឡាយ ប្រហែល៣គីឡូម៉ែត្រនេះ មិនដែលសុំមកអភិបាលខេត្តទេ ។ លោកថា រដ្ឋបាលខេត្តអត់មានខ្ទង់ថវិកាធ្វើប្រឡាយ អីចឹងឱ្យប្រជាពលរដ្ឋស្នើសុំទៅលោក សៀង ឈុនទ្រី ជាអ្នកក្រុមការងារគណបក្សប្រជាជន នៅឃុំសំបួរ ស្រុកទ្រាំង។

លោកអភិបាលខេត្ត លើកឡើងថា «អីចឹងប្រាប់មេភូមិ និងមេឃុំ បើគាត់ធ្វើលិខិតស្នើមកខ្ញុំ ក៏ខ្ញុំអញ្ជើញមេភូមិ និងមេឃុំមកដែរ ដើម្បីឱ្យមកពិភាក្សាជាមួយ លោក សៀង ឈុនទ្រី និង លោក សុខ ផេង ដែលជាប្រធានក្រុមការងារចុះជួយស្រុកទ្រាំង ព្រោះខេត្តគ្មានថវិកាសម្រាប់ចំណាយស្តារប្រឡាយនោះទេ»។

ជាមួយគ្នានេះ លោក ចាន់ យុត្ថា មន្ត្រីអ្នកនាំពាក្យ ក្រសួងធនធានទឹកនិងឧត្តុនិយម បានថ្លែងថា «គម្រោងស្តារប្រឡាយមេ ប្រវែង ៣គីឡូម៉ែត្រ ដែលប្រជាកសិករស្នើសុំនេះ អាចទាក់ទងនៅខាងមន្ទីរ ឬផ្ទើរមកខ្ញុំផ្ទាល់ក៏បានដែរ ដោយគ្រាន់តែឱ្យមេភូមិ និងមេឃុំ ធ្វើសំណើរមក ដាក់ទីតំាងឱ្យច្បាស់លាស់មក ខ្ញុំនឹងឱ្យមន្ត្រីជំនាញចុះទៅមើល»៕