(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ក៏ដូចជា ក្រុមអាជីវករលក់ដូរ រាប់សិបគ្រួសារ នៅក្នុងផ្សារតូចទួលសង្កែ ស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ បាននិងកំពុងទទួលរងនូវផល ប៉ះពាល់ធ្ងន់ធ្ងរជាយូរឆ្នាំមកហើយ ដោយផ្ដើមចេញពីការជះក្លិនស្អុយយ៉ាងអាសោច ដោយសារតែការកកស្ទះបណ្ដាញប្រព័ន្ធលូ បង្ហូរទឹកមួយចំនួន បណ្ដាលឲ្យហៀហូរទឹកប្រសេចប្រសាចចេញពីប្រព័ន្ធលូ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលមានព្រំប្រទល់ជាប់ និងទំនាបខ្ពស់ជាងខណ្ឌឫស្សីកែវ ពិសេសទឹកលូយ៉ាងស្អុយ កំពុងហូរកាត់បំផ្លាញផ្លូវក្នុងផ្សារតូច និងផ្លូវលេខ៩០៧ ដែលនៅក្បែរនោះជាបណ្ដើរៗហើយ។

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋ និងក្រុមអាជីវករលក់ដូរជាច្រើនគ្រួសារ ក្នុងផ្សារតូចទួលសង្កែ ស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ បានស្នើសុំយ៉ាងទទូច តាមរយៈភ្នាក់ងារសារព័ត៌មាន Fresh News ដើម្បីឲ្យជួយផ្សព្វផ្សាយដល់អាជ្ញាធរសង្កាត់ស្រះចក ជាពិសេសលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ គួរតែមេត្តាជួយមានវិធានការ ក្នុងការស្ដារប្រព័ន្ធលូរំដោះទឹកស្អុយចេញ ពីការលេចលង់ និងកំពុងរងការបំផ្លាញផ្លូវនេះផង ពីព្រោះការកកស្ទះប្រព័ន្ធលូនេះ បានកើតឡើងជាយូរឆ្នាំមកហើយ តែពុំដែលឃើញវត្តមានអាជ្ញាធរ ចុះមកជួយដោះស្រាយនោះទេ ដើម្បីឲ្យស្របទៅតាមការដឹកនាំ និងបទបញ្ជយ៉ាងម៉ឺងម៉ាត់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ការស្នើសុំយ៉ាងទទូចដូច្នេះ បានធ្វើឡើងក្រោយពីប្រជាពលរដ្ឋ និងក្រុមអាជីវករលក់ដូរជាច្រើនគ្រួសារ ក្នុងផ្សារតូចទួលសង្កែ បានស្នើសុំទៅអាជ្ញាធរភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ឲ្យជួយអន្តរាគមន៍ដោះស្រាយរួចមកហើយ និងបានរកឃើញថា បណ្ដាញប្រព័ន្ធលូមួយចំនួន មានការកកស្ទះយ៉ាងខ្លាំង បណ្ដាលឲ្យហៀហូរទឹកចេញយ៉ាងស្អុយ គឺផ្ដើមចេញមកពីប្រព័ន្ធលូ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលមានព្រំប្រទល់ជាប់ និងទំនាបខ្ពស់ជាងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ពោលគឺប្រព័ន្ធលូមួយចំនួននៅក្បែរផ្សារតូច ទួលសង្កែរបស់ខណ្ឌឫស្សីកែវ ពុំមានការកកស្ទះនោះទេ៕