(ក្រចេះ)៖ ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត ដឹកនាំដោយលោក លាង បូរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្រ្តីជំនាញរបស់មន្ទីពិសោធន៍ មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូចំនួន៧ស្ថានីយ ដែលមានទីតាំងនៅក្រុងក្រចេះ ខេត្តក្រចេះ។

លោក លាង បូរ៉ា បានឲ្យដឹងថា ជាលទ្ធផល នៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ៧កន្លែង នៅទីតាំងខាងលើនេះគឺមាន ស្ថានីយ១កន្លែង ដែលមានអនុលោមភាព លើផ្នែកគុណភាព និងរង្វាស់រង្វាល់ ចំណែកស្ថានីយ៦កន្លែងទៀត មានកង្វះបរិមាណប្រេង មិនត្រឹមត្រូវ តាមបទដ្ឋានរង្វាស់រង្វាល់ឡើយ ក្រុមការងារបានឲ្យម្ចាស់ស្ថានីយធ្វើការកែលំអរ។

លោក លាង បូរ៉ា បានឲ្យដឹងបន្ថែមថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងការពារ ផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ ការប្រកូតប្រជែងដោយស្មោះត្រង់ និងការពារគ្រឿងម៉ាស៊ីន នៃយានជំនិះគ្រប់ប្រភេទ និងការពារបរិស្ថាន ដែលកើតចេញពីចំហេះប្រេងឥន្ធនៈមិនសមស្រប និងពិសេសដើម្បីទប់ស្កាត់ការកែ្លងបន្លំ។

លោក លាង បូរ៉ា ក៏បានបន្ថែមថា អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយ-ដេប៉ូប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មី លក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ៕