(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋជាង៤ពាន់នាក់​ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

ការថ្លែងអំណរគុណនេះ ធ្វើឡើងនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នាឱកាស​ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ២៦១នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយបាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ​ ចំនួន៤,២១២នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។

ក្នុងនោះ​បានពិនិត្យព្យាលបាលជំងឺកុមារ២១៧នាក់, ជំងឺស្រ្តី២៣១នាក់, ជំងឺផ្លូវចិត្ត១០៣នាក់, ជំងឺឫសដូងបាត២១៧នាក់, ជំងឺសន្លាក់ឆ្អឹង១៩១នាក់, ជំងឺរលាកសួត៩២នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៧៨នាក់, ជំងឺភ្នែក៨៥នាក់, ជំងឺសើរស្បែក៧៧នាក់, ជំងឺទឹកនោមផ្អែ១៣៧នាក់, ជំងឺមាត់ធ្មេញ៦៩នាក់, អេកូសាស្ត្រ១៧៦នាក់ និងជំងឺទូទៅ ៣,៣២៥នាក់ និងព្យាបាលរបួស។

ការចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ បានក្លាយជារឿងមួយដ៏រីករាយ ចំពោះពលរដ្ឋរស់នៅភូមិមានជ័យ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ក្នុងនោះពលរដ្ឋជាស្រ្តីម្នាក់ឈ្មោះ កយ កុង ស្ថិតនៅចំណោមពលរដ្ឋដទៃទៀត បានបង្ហាញអារម្មណ៍សប្បាយចិត្តមិនធ្លាប់មាន។

អ្នកស្រី កយ កុង មានជំងឺរលាកក្រពះ ហើយរាល់ថ្ងៃអាការៈនេះ បានធ្វើទុកនៅក្នុងពោះបានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់បានចុះមកព្យាបាលជំងឺ ដល់គាត់ក៏ដូចជាអ្នកភូមិឯទៀត។

អ្នកស្រីបន្ថែមថា «ខ្ញុំចំណេញលុយដោយសារតែ ក្រុមគ្រូពេទ្យចុះមកព្យាបាលជំងឺដោយមិនលុយ ហើយក៏មិនចំណាយពេលចុះទៅឆ្ងាយ ដូចរាល់ដងដែលនាំឲ្យខាតពេលវេលា ប៉ះពាល់ការងារ»

ចំណែកពលរដ្ឋម្នាក់ទៀតឈ្មោះ ហុង បូរ៉ា ជាជនពិការដែលមានជំងឺអាឡាក់ហ្ស៊ីច្រមុះថ្លែងថា «ខ្ញុំមានអារម្មណ៍សប្បាយ នៅពេលគេចុះមកពិនិត្យជំងឺ និងផ្ដល់ថ្នាំដោយមិនគិតលុយ វាធ្វើឲ្យខ្ញុំចំណេញថវិកា »។ ក្រៅពីបង្ហាញអារម្មណ៍សប្បាយចិត្ត ប្រជាពលរដ្ឋបានស្ន់ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី ឧស្សាហ៍ចុះមកពិនិត្យជំងឺពលរដ្ឋបន្តិច ដើម្បីកាត់បន្ថយការចំណាយ និងទទួលបានការព្យាបាលមួយដែលមានប្រសិទ្ធិភាព។

សូមបញ្ជាក់ថារយៈពេល៦១ខែ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២,២៧១នាក់ ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៣៥លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំនួន២៦៤,៣៣៩នាក់។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

សូមជម្រាបថា ដំណើរចុះទៅខេត្តកំពតរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្រ្តខេត្តកំពង់ស្ពឺ ធ្វើឡើងចំខួប៥ឆ្នាំ ឈានចូលឆ្នាំទី៦ នៃការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រក៏ល្អមួយនេះឡើង៕