(ភ្នំពេញ)៖ អំឡុងសម័យប្រជុំលើកទី៩ នីតិកាលទី៥ រយៈពេល៣ខែមកនេះ ពោលចាប់ពីថ្ងៃ១២ ខែតុលា ឆ្នាំ២០១៧ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ រដ្ឋសភាកម្ពុជា បានអនុម័តសេចក្ដីព្រាងច្បាប់បានចំនួន១២ និងសេចក្ដីស្នើច្បាប់បានចំនួន៤ រួមទាំងបានទទួលស្គាល់សមាជិកថ្មី ក៏ដូចជា រៀបចំរចនាសម្ព័ន្ធដឹកនាំរបស់ខ្លួនមួយចំនួនផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ របស់រដ្ឋសភា ដែលបិទបញ្ចប់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងរយៈពេល៣ខែមកនេះ សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ បានសម្រេចនូវលទ្ធផល ដូចខាងក្រោម៖

ទី១៖ អនុម័តសេចក្ដីព្រាងច្បាប់បានចំនួន១២ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល។

ទី២៖ អនុម័តសេចក្ដីស្នើច្បាប់បានចំនួន៤ ដែលស្នើឡើងដោយ តំណាងក្រុមតំណាងរាស្ដ្រហត្ថលេខី។

ទី៣៖ ប្រកាសសុពលភាព នៃអាណត្ដិរបស់សមាជិកថ្មីនៃរដ្ឋសភា នីតិកាលទី៥ នីមួយៗ ចំនួន៣លើក។

ទី៤៖ បោះឆ្នោតទុកចិត្ត អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន១លើក។

ទី៥៖ បោះឆ្នោតជ្រើសតាំង លោក យូ ហុកគ្រី ជាអនុប្រធានទី១ រដ្ឋសភា។

ទី៦៖ បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មការនានានៃរដ្ឋសភា ចំនួន៣លើក។

សូមបញ្ជាក់ថា សម័យប្រជុំលើកទី៩​ នីតិកាលទី៥ នៃរដ្ឋសភា ដែលមានរយៈពេល៣ខែ បានបិទបញ្ចប់នៅថ្ងៃនេះ ហើយរដ្ឋសភា នឹងចាប់ផ្តើមសម័យប្រជុំលើកទី១០ នៅ៣ខែក្រោយទៀត៕