(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលជំងឺមហារីក និងសម្ភព នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះក្រសួង សុខាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានសហការគ្នាចាត់វិធានការទប់ស្កាត់ជំងឺផ្ដាសាយបក្សី (H5N1) បានទាន់ពេលវេលា បន្ទាប់ពីជំងឺនេះបានកើតមាននៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាពេលថ្មីៗកន្លែងទៅ។

មានប្រសាសន៍រៀបរាប់ពីការពិនិត្យសុខភាព និងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់រដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលបានចាត់មន្ត្រីរបស់ខ្លួន ឲ្យសហការគ្នាទប់ស្កាត់ជំងឺនានា ដែលបានកើតមានឡើងនៅកម្ពុជា ពិសេសជំងឺផ្ដាសាយបក្សីដែលកើតមានឡើង នៅសង្កាត់ភ្នំពេញថ្មី នាពេលថ្មីៗនេះ។

សម្ដេចតេជោមានប្រសាសន៍យ៉ាងដូច្នេះថា «គ្រាន់តែប៉ុន្មានថ្ងៃនេះ វិធានការចាំបាច់ត្រូវប្រកាន់យកភ្លាមៗ នៅទីក្រុងភ្នំពេញ នេះតែម្ដង គឺនៅសង្កាត់ភ្នំពេញថ្មី ដែលរដ្ឋមន្ត្រីក្រសួងកសិកម្ម បានធ្វើសេចក្ដីជូនដំណឹងបន្ទាន់ ទៅអភិបាលរាជធានីភ្នំពេញ អំពីគ្រុនផ្ដាសាយបក្សី ដែលកើតឡើងភ្លាមៗ ហើយខ្ញុំពិតជាមានមោទនភាពណាស់ ជាមួយនឹងប្រតិកម្មរហ័សនៃក្រុម គ្រូពេទ្យរបស់យើង ជាមួយក្រុម-ផ្នែកក្នុងក្រសួងកសិកម្ម នៅក្នុងតំបន់ដែលពិនិត្យឃើញថា មានគ្រុនផ្ដាសាយបក្សី ឬក៏ជំងឺប្រភេទណាមួយនោះ»

ប្រមុខដឹកនាំរាជរដ្ឋាភិបាលបានបន្តថា នៅរាជធានីភ្នំពេញ មានវិទ្យាស្ថានប៉ាស្ទ័រដែលនៅជាប់មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ប្រចាំការពិនិត្យ ស្រាវជ្រាវរកជំងឺណាមួយ ដោយក្នុងនោះ ក្រុមជំនាញនៃវិទ្យាស្ថាននេះ បានចូលរួមធ្វើការពិសោធន៍ភ្លាមៗ ហើយនៅពេលដឹងថា មានវិរុស ណាមួយនោះ ក្រុមគ្រូពេទ្យជំនាញ និងភាគីពាក់ពព័ន្ធបានធ្វើសកម្មភាពភ្លាមៗផងដែរ ដើម្បីទប់ស្កាត់កុំឲ្យវិរុសនោះរីករាលដាលដល់ ប្រជាពលរដ្ឋដទៃទៀត ដែលទាំងនេះជាចំណុចទាក់ទងនឹងវិស័យសុខាភិបាល និងវិស័យពាក់ព័ន្ធនានា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំបន្តថា ចំពោះបញ្ហាជំងឺឆ្លងរាលដាលនេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងមានប្រសិទ្ធភាពបំផុត ក្នុងការបង្ការ ទប់ស្កាត់ ពិនិត្យ និងព្យាបាល ពីព្រោះការបង្ការតែងតែប្រសើរជាងការព្យាបាលជានិច្ច ពិតណាស់ថា បើជំងឺណាមួយកើតឡើងហើយ ត្រូវតែមាន ការព្យាបាល ប៉ុន្តែបើបង្ការទុកជាមុន ក៏ប្រសើរជាងការព្យាបាលដែរ។

កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ កន្លងទៅ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជូនដំណឹងថា វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើវិភាគរកឃើញមេរោគផ្តាសាយបក្សី លើសំណាកសត្វមាន់ចំនួន ៣ក្បាល នៅក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងនោះក្រុមការងារនៃក្រសួងកសិកម្ម និងក្រសួងសុខាភិបាលក៏បានសហការគ្នា ចាត់វិធានការទប់ស្កាត់បញ្ហានេះផងដែរ។

ទោះជាយ៉ាងណា លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជំងឺផ្តាសាយនេះត្រូវបានទប់ស្កាត់ទាន់ពេលវេលា មិនមានការរីករាលដាល ឬបង្កការប៉ះពាល់ ដល់ប្រជាពលរដ្ឋនោះឡើយ។

សូមជម្រាបថា កាលពីចុងឆ្នាំ២០១៧ កន្លងទៅ ក៏មានផ្ទុះករណីជំងឺផ្តាសាយបក្សីនៅខេត្តកំពង់ចាម និងខេត្តកំពង់ធំផងដែរ ប៉ុន្តែត្រូវបានទប់ស្កាត់ទាន់ ពេលវេលាទៅវិញ ហើយគ្មានបង្កជាបញ្ហាធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋនោះឡើយ៕