(ភ្នំពេញ)៖ តាមរយៈបណ្តាញព័ត៌មាន ​Fresh News នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បានបដិសេធចំពោះព័ត៌មានមួយចំនួន ដែលបានផ្សាយថា គណបក្សរាជានិយមមួយនេះ បានតែងតាំងជនជាតិចិនម្នាក់ជាអនុប្រធានគណបក្ស។ ហ៊្វុនស៊ិនប៉ិចបានចាត់ទុកការចុះផ្សាយបែបនោះថា ជាការបំភ្លៃខុសពីការពិតទាំងស្រុង។

ប្រតិកម្មរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើឡើង បន្ទាប់ពីបានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានចុះផ្សាយថា គណបក្សហ៊្វុនស៊ិនប៉ិច បានតែងតាំង សេដ្ឋីចិនម្នាក់ឈ្មោះ ចាកគី ជីង ឱ្យធ្វើជាអនុប្រធានគណបក្ស ហើយថាការតែងតាំងនេះ ខុសនឹងច្បាប់ព្រះរាជាណាចក្រកម្ពុជា។

លោក ញ៉េប ប៊ុនជិន បាននិយាយថា ជាការពិតទៅ លោក ចាកគី ជីង មិនមែនជាសេដ្ឋីជនជាតិចិននោះទេ ប៉ុន្តែលោកគឺជាកូនកាត់ខ្មែរ-ចិន ដែលមានសញ្ជាតិខ្មែរ និងធ្វើជាសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច រយៈពេល១០ឆ្នាំមកហើយ។ លោកបន្តថា លោក ចាកគី ជីង​ គឺជាអ្នករកស៊ីធម្មតា ហើយត្រូវបានគណបក្សហ៊្វ៊ុនស៊ិនប៉ិច ដំឡើងឱ្យធ្វើជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុប៉ុណ្ណោះ។

ជាមួយនឹងការបដិសេធបែបនោះ លោក ញ៉េប ប៊ុនជិន បានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយមួយចំនួននោះ គួរបញ្ឈប់ការបន្តផ្សព្វផ្សាយចំពោះរឿងមិនពិតនេះ ដោយសារតែប្រាសចាកពីការពិត និងគ្មានប្រភពច្បាស់លាស់ ដែលនាំឱ្យប៉ះពាល់ដល់តម្លៃសារព័ត៌មានខ្មែរ។

សូមបញ្ជាក់ថា បើតាមច្បាប់គណបក្សនយោបាយ,​សមាជិកគណបក្សនយោបាយនៅកម្ពុជា ត្រូវតែជាប្រជាពលរដ្ឋខ្មែរ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ៕