(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា កម្ពុជានឹងជំរុញឲ្យមានការជ្រើសរើស បណ្ដុះបណ្ដាល និងបញ្ជូនកម្មសិក្សាការីរបស់ខ្លួន ទៅធ្វើការកម្មសិក្សា និងបម្រើការងារនៅជប៉ុនឲ្យបានរាប់ម៉ឺននាក់ នាប៉ុន្មានឆ្នាំខាងមុខ ខណៈបច្ចុប្បន្ន កម្មសិក្សាការីកម្ពុជានៅជប៉ុនមានចំនួន៦១៧១នាក់។

លោករដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ ស្ដីពីការបញ្ជូនកម្មសិក្សាការីបច្ចេកទេសកម្ពុជា ទៅធ្វើកម្មសិក្សា និងធ្វើការងារនៅខេត្តអិហ៊ិម៉ិ ប្រទេសជប៉ុន ដែលធ្វើឡើងរវាងលោក សេង សក្តា អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ ជាមួយលោក មីណូរ៉ូ ណូដា ប្រធានសមាគមសហជីពកម្មសិក្សាការីបរទេសខេត្តអិហ៊ិម៉ិ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ។

លោកបានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជាបានបញ្ជូនពលករ និងកម្មសិក្សាការីទៅធ្វើកម្មសិក្សា និងបម្រើការងារនៅប្រទេសចំនួន៦ មានប្រទេសថៃ ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី និងនៅតំបន់រដ្ឋបាលពិសេសហុងកុង ដែលមានពលករ និងកម្មសិក្សាការីសរុបប្រមាណ ១,២០០,០០០នាក់ ដោយក្នុងមួយឆ្នាំៗ ពួកគេបានផ្ញើថវិកាជាង២ពាន់លានដុល្លារអាមេរិក ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិផងដែរ។

លោក អ៉ិត សំហេង បានបន្តថា កម្ពុជាបានបញ្ជូនកម្មសិក្សាការីរបស់ខ្លូន ទៅធ្វើកម្មសិក្សា និងបម្រើការងារនៅជប៉ុន ចាប់ពីឆ្នាំ២០០៧ ហើយរហូតដល់ចុងឆ្នាំ២០១៧ កម្មសិក្សាការីកម្ពុជានៅប្រទេសជប៉ុនមានចំនួន ៦១៧១នាក់ហើយ។

លោកបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំក៏មានមហិច្ចតា ចង់ឃើញកម្ពុជាមានកម្មសិក្សាការីនៅជប៉ុនកាន់តែច្រើន មានពលរដ្ឋរបស់ខ្លូននៅជប៉ុន ទៅធ្វើការកាន់តែច្រើន ហើយជាពិសេសនៅខេត្តអិហ៊ិម៉ិ ដែលយើងចុះអនុស្សរណៈនាពេលនេះ។ ក្នុងប៉ុន្មានឆ្នាំខាងមុខ នៅពេលដែលការអនុវត្តរបស់យើងរលូនទៅមុខ ខ្ញុំក៏សង្ឃឹមថា ចំនួនកម្មសិក្សាការីកម្ពុជាឡើងទៅដល់រាប់ម៉ឺននាក់ មិនមែនរាប់ពាន់ទៀតទេ»

តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ ជាមួយសមាគមសហជីពកម្មសិក្សាការីបរទេសខេត្តអិហ៊ិម៉ិ នាពេលនេះ លោករដ្ឋមន្ត្រីបានបង្ហាញភាពជឿជាក់ថា និយោជកជប៉ុននឹងពិនិត្យ និងទទួលយកកម្មសិក្សាការីកម្ពុជាទៅធ្វើកម្មសិក្សា និងបម្រើការនៅទីនោះ ឲ្យបានច្រើនថែមទៀត។

ជាមួយគ្នានោះ អភិបាលខេត្តអិហ៊ិម៉ិ នៃប្រទេសជប៉ុន លោក ណាកាមូរ៉ា តាគិហ៊ីរ៉ា បានបញ្ជាក់ថា តាមរយៈការទទួលកម្មសិក្សាកការីកម្ពុជាឲ្យទៅធ្វើកម្មសិក្សា និងបម្រើការងារនៅជប៉ុន ក៏ដូចជានៅខេត្តអិហ៊ិម៉ិ កន្លងមក ឃើញថា កម្មសិក្សាការីកម្ពុជាមានភាពស្មោះត្រង់ មានភាពអំណត់អត់ធន់នឹងការងារ មានភាពរួសរាយរាក់ទាក់ ពិសេសមានស្មារតីយកចិត្តទុកដាក់នឹងការងារជាងកម្មសិក្សាការីជនជាតិដទៃ ពោលនិយោជកនៅជប៉ុន មានការពេញចិត្តចំពោះកម្មសិក្សាការីកម្ពុជាយ៉ាងខ្លាំង ហើយលោកក៏បានប្ដេជ្ញានឹងជំរុញនិយោជកនៅជប៉ុន បង្កើនការទទួលកម្មសិក្សាការីកម្ពុជាឲ្យបានច្រើនទៀតផងដែរ៕