(ភ្នំពេញ)៖ នាពេលកន្លងទៅហាក់មានភាពស្រពិចស្រពិលនៅឡើយ ចំពោះការបន្តឈរក្នុងតំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានកាន់តំណែងនេះអស់រយៈពេល ៣៣ឆ្នាំមកហើយនោះ។ នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសអះ អាងជាថ្មីម្តងទៀតថា សម្តេចនឹងឈរតំណែងជានាយករដ្ឋមន្ត្រី ដឹកនាំនាវាកម្ពុជាត្រឹមតែពីរអាណត្តិ ស្មើនឹង១០ឆ្នាំទៀតប៉ុណ្ណោះ។ ការបន្តឈរក្នុងតំណែងជានាយករដ្ឋមន្ត្រីរហូតដល់ឆ្នាំ២០២៨នេះ គឺសម្តេចចង់ដឹកនាំប្រទេស និងអមដំណើរប្រជាពលរដ្ឋកម្ពុជាចូលទៅកៀកឆ្នាំ ដែលប្រទេសកម្ពុជា នឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ការថ្លែងអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលជំងឺមហារីក និងសម្ភព ដែលមានឈ្មោះថា «អគារតេជោសន្តិភាព» នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ។

នាពេលកន្លងទៅសម្តេចនាយករដ្ឋមន្ត្រីធ្លាប់បានប្រកាសហើយថា សម្តេចនឹងឈរតំណែងជានាយករដ្ឋមន្ត្រីត្រឹមពីរអណាត្តិទៀតប៉ុណ្ណោះ តែហាក់នៅមានការស្ទាក់ស្ទើរនឹងមិនទាន់ច្បាស់លាស់នៅលើយ ដោយសម្តេចតែងបានព្រលយថា អាចនឹងបន្តឈរជានាយករដ្ឋមន្ត្រីទៅទៀតប្រសិនបើសម្តេចចង់។ ផ្ទុយពីសាររាល់ដងនៅព្រឹកមិញនេះ ឆ្លើយតបការជូនពររបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ដែលជូនពរឲ្យសម្តេចបន្តទទួលជោគជ័យសម្រាប់ការបោះឆ្នោតក្នុងអាណត្តិទី៦ និងទី៧ ព្រមទាំងអាណត្តិបន្តបន្ទាប់ទៀតនោះ សម្តេចតេជោ ហ៊ុន សែន បានចេញមកបញ្ជាក់ថា សម្តេចសូមធ្វើត្រឹមពីរអាណត្តិទៀតប៉ុណ្ណោះ ដូចដែលការបានប្តេជ្ញា។

«អាបន្តបន្ទាប់ហ្នឹងលំបាកណាស់ ត្រឹមតែទី៦ និងទី៧ ព្រោះនេះគឺជាការប្តេជ្ញាចិត្ត ហើយដែលខ្ញុំប្រកាសរួចហើយថា នឹងបន្តរយៈពេលមិនតិចជាង១០ឆ្នាំ»។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់បន្ថែម។

ប្រមុខដឹកនាំប្រទេសកម្ពុជា ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីតាំងពីអាយុ ៣២ឆ្នាំរូបនេះ បានអះអាងថា ការបន្តឈរក្នុងតំណែងជានាយករដ្ឋមន្ត្រីពីរអាណត្តិបន្តទៀត ព្រោះសម្តេចចង់ឃើញដឹកនាំប្រទេសឲ្យមួយនេះឲ្យចូលទៅកៀកនឹងឆ្នាំ ដែលប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទៀប។ សម្តេចតេជោ បន្តថា ការដឹកនាំប្រទេស ១០ឆ្នាំទៀត ក៏មិនទាន់ចាស់នោះដែរសម្រាប់រូបសម្តេច។

សម្តេចដែលត្រូវបានគេប្រសិទ្ធនាមជាបុរសខ្លាំងរបស់កម្ពុជា បានថ្លែងដូច្នេះ «ខ្ញុំបានធ្វើនាយករដ្ឋមន្ត្រី ៣៣ឆ្នាំហើយ ថែម១០ឆ្នាំទៀត ក៏មិនទាន់ចាស់ទៅណាដែរ។ ខ្ញុំចង់អមដំណើរជាមួយអ្នកទាំងអស់គ្នា ដើម្បីចូលទៅឲ្យកៀកជាមួយប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ព្រោះបើគិតទៅតាមអាណត្តិនៃសភា គឺឆ្នាំ២០២៨ ទើបខ្ញុំត្រូវដកខ្លួនចេញ អ៊ីចឹងវាកៀកទៅនឹងពេលវេលាមួយ ដែលប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់»

បើទោះបីបានប្រកាសថា ឈរក្នុងតំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជាត្រឹមតែពីរអាណត្តិទៀតយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតពន្យល់ទៅក្រុមអ្នករិះគន់ចំពោះការកាន់តំណែងរបស់សម្តេចផងដែរ។ សម្តេចបានពន្យល់ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាមិនបានចែងពីការកំណត់អាណត្តិរបស់នាយករដ្ឋមន្ត្រី ហើយតំណែងរបស់នាយករដ្ឋមន្ត្រី ក៏មិនមែនកើតដោយការបោះឆ្នោតផ្ទាល់របស់ប្រជាពលរដ្ឋនោះដែរ គឺកើតចេញពីការជ្រើសតាំងរបស់រដ្ឋសភាឯណោះទេ។

សម្តេចតេជោ សែន បានបញ្ជាក់យ៉ាងដូច្នេះ «នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយកំណត់អាណត្តិនាយករដ្ឋមន្ត្រីនោះទេ។ អាណត្តិប្រធានាធិបតេយ្យ មានការកំណត់ក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែសម្រាប់នាយករដ្ឋមន្ត្រីគ្មានការកំណត់ទេ ព្រោះនាយករដ្ឋមន្ត្រីមិនមែនបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋទេ សូមយល់ បើមិនយល់រៀនឲ្យល់ កុំភ្លើ ហើយកុំឲ្យគេហៅថា អាល្ងង់ទូ។ ប្រធានាធិបតី គឺបោះឆ្នោតដោយផ្ទាល់ ដូច្នេះទៅតាមប្រទេសនីមួយៗគេកំណត់ប្រធានាធិបតី ប៉ុន្តែសម្រាប់នាយករដ្ឋមន្ត្រីគេបោះឆ្នោតឲ្យសភាទេ សភាទេជាអ្នកបង្កើតរាជរដ្ឋាភិបាល»

គិតថ្ងៃត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានឈរក្នុងតំណែងជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសកម្ពុជាអស់រយៈពេល ៣៣ឆ្នាំមកហើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញនូវមោទនភាព និងភាពរីករាយផងដែរ ដែលក្រោមការដឹកនាំរបស់សម្តេចបានធ្វើឲ្យកម្ពុជាដែលស្រោចស្រង់ចេញពីសំណល់នៃភ្លើងសង្គ្រាម ពីប្រទេសដែលក្រីក្រី ក្លាយជាប្រទេសអភិវឌ្ឍន៍ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទៀបនាពេលបច្ចុប្បន្ន ហើយប្រជាពលរដ្ឋកម្ពុជាទាំងមូលកំពុងមានស្ថានភាពជីវភាពល្អប្រសើរ។

បើទោះបីជាយ៉ាងណាសម្តេចតេជោ បានមើលឃើញថា នៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលត្រូវដោះស្រាយ និង ត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីឲ្យកម្ពុជាកាន់តែរីកចម្រើន៕