(ភ្នំពេញ)៖ ស្របពេលដែលប្រទេសកម្ពុជា កំពុងអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរបស់ខ្លួន ឲ្យមានការរីកចម្រើនមួយក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងសកលលោក ក្រុមអ្នកធុរៈកិច្ចកម្ពុជា និងបរទេសមួយក្រុម បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំប្រធាននាយកប្រតិបតិ្ត វ័យក្មេងដំបូងគេនៅកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងលើវិស័យសេដ្ឋកិច្ចជាមួយអ្នកធុរៈកិច្ចជាតិ ក្រុមធុរៈកិច្ចក្នុងតំបន់ និងសកលលោកដល់សហគ្រិនកម្ពុជា។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងតំណាងប្រធាននាយកប្រតិបត្តិចូលរួមប្រមាណ៥០នាក់ មកពីបណ្តាក្រុមហ៊ុននានា ដែលរកចំណូលបានលើសពី១៣លានដុល្លារ ប្រចាំឆ្នាំពីប្រទសផ្សេងៗគ្នា ស្របពេលដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះដំបូងគេ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ម្សិលមិញ នៅសណ្ឋាគារសុខា ភ្នំពេញ។

លោក Fred Mouaward ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Synergia One Group បានថ្លែងថា វេទិកា YPO គឺជាវេទិការសកល សម្រាប់ប្រធាននាយកប្រតិបត្តិដើម្បីចូលរួមសិក្សាស្វែងយល់ និងទទួលបានភាពរីកចម្រើនទាំងអស់គ្នា។ សមាជិក YPO អាចចាប់យកចំណេះដឹងឥទ្ធិពល និងការទុកចិត្តរបស់មេដឹកនាំជំនួញដែលមានឥទ្ធិពល​បំផុត និងប្រកបដោយភាពច្នៃប្រឌិតក្នុងពិភពលោក ដើម្បីជំរុញ ឥទ្ធិអាជីវកម្មផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍។

លោក Fred Mouaward បានបន្តថា ប្រទេសកម្ពុជា គឺជាប្រទេសមួយកំពុងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងសកលលោក ដូច្នេះសង្ឃឹមថា ប្រធាន និងសហគ្រិនវ័យក្មេងកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ក្នុងការចូលរួមបេសកម្មរបស់ YPO ដែលនឹងក្លាយជាថ្នាក់ដឹកនាំល្អប្រសើរជាងមុនពេញមួយជីវិតតាមរយៈការផ្លាស់ប្តូរចំណេះដឹង និងគំនិត។

លោក ស៊ឹម ឬទី្ធ ស្ថាបនិកក្រុមហ៊ុន SIM BROTHERS PLC និងជាសមាជិក YPO បានថ្លែងថា YPO បានពង្រីកសក្តានុពលសមាជិករបស់ខ្លួន ប្រមាណ ២៥០០០នាក់ ចំនួន១៣០ប្រទេសរួមមាន៖ ឧស្សាហកម្ម និងអាជីវកម្មជាច្រើនផ្សេងទៀត សរុបក្រុមហ៊ុនដែលជាសមាជិករបស់ YPO មានបុគ្គលិកបម្រើការងារចំនួន១៦លាននាក់ និងបង្កើតប្រាក់ចំណូលប្រចាំឆ្នាំ ៦ពាន់លានដុល្លារ៕