(ភ្នំពេញ)៖ ស្ត្រីកម្មករសំណង់ម្នាក់ បានបាក់កស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈកំពុងបើកម៉ូតូសសៀរឆ្លងផ្លូវ ក៏ត្រូវរថយន្តកាត់ស៊ុបើកបុកពេញទំហឹង អូសជាង៣០ម៉ែត្រ ហើយរថយន្តបង្កព្យាយាមបើកគេចទៅដល់ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ រួចបើកទ្វាររត់គេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តជេដ្ឋាឧត្តម ហៅវត្តគ្រួស ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

រថយន្តបង្កម៉ាកសាំយ៉ុងពណ៌ខៀវចាស់ ពាក់ស្លាកលេខភ្នំពេញ 2AF-0425 រងការខូចខាតបែកកាងចង្គៀង និងផ្ទាំងកញ្ចក់ខាងមុខផ្នែកខាងស្តាំ ចំណែកឯអ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុរត់គេចខ្លួនបាត់ស្រមោល។ រីឯជនរងគ្រោះមានឈ្មោះ សួន សាវឿន អាយុ៥១ឆ្នាំ មានមខរបរកម្មករសំណង់ មានទីលំនៅភូមិកើតហេតុខាងលើ បើកម៉ូតូមួយម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1FC-0434រ ងការខូចខាតស្ទើទាំងស្រុង។

មុនកើតហេតុគេឃើញស្ត្រីរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម្នាក់ឯង ចេញពីផ្ទះនៅភូមិកើតហេតុ គោលបំណងដើម្បីទៅធ្វើការសំណង់នៅម្តុំគីឡូម៉ែត្រលេខ៩ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ហើយស្រ្តីរងគ្រោះ បានជិះតាមផ្លូជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាស់ទិសដៅ ចរាចរណ៍ខណៈពេលជិះមកដល់ចំណុចកើតហេតុ បានជិះសសៀរឆ្លងផ្លូវពីកើតទៅលិចបានពាក់កណ្តាលផ្លូវស្របពេលនោះ ក៏មានរថយន្តកាត់ស៊ីបើកបរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន បានបុកម៉ូតូស្រ្តីរងគ្រោះយ៉ាងពេញទំហឹង អូសម៉ូតូទៅមុខជាង៣០ម៉ែត្រ បណ្តាលឲ្យស្ត្រីរងគ្រោះបោកក្បាលទៅនឹងផ្ទាំងកញ្ចក់មុខ រថយន្តបែកថ្លើមនឹងបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ រថយន្តបង្កបានបើករត់ពីកន្លែងកើតហេតុតែភ្លាមៗ កម្លាំងសមត្ថកិច្ចខណ្ឌព្រែកព្នៅ បានសហកាជាមួយកម្លាំងសមត្ថកិច្ច ស្រុកពញ្ញាឮ ដេញតាមពីក្រោយ ហើយអ្នកបើកបរដឹងសមត្ថកិច្ច ដេញពីក្រោយលុះបើកទៅដល់ស្រុកឧដ្តង្គ ខេត្តកំពង់ស្ពឺ បានឈប់រថយន្តចតចោលចុះរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន រថយន្តបង្កនឹងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយគ្នា តាមច្បាប់នៅពេលក្រោយ។ រីឯសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕