(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាល ព្រមទាំងពិសារអាហារជាមួយបងប្អូនអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាង៣០០នាក់។ ពិធីសំណេះសំណេះសំណាល និងពិសារអាហារជុំគ្នានេះ ធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

សូមបញ្ជាក់ថា នៅដើមឆ្នាំ២០១៨នេះ ឆ្លើយតបនឹងទុក្ខលំបាក ក៏ដូចជាការខ្វះខាតក្នុងជីវភាពរបស់បងប្អូនអ្នកធាក់ស៊ីក្លូនោះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យអ្នកធាក់ស៊ីក្លូទាំងអស់ អាចទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃនោះឡើយ។

បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចបង្កើតមូលនិធិមួយបន្ថែមទៀត ដើម្បីជួយទ្រទ្រង់ដល់អាជីពរបស់អ្នកធាក់ស៊ីក្លូ។ មូលនិធិទ្រទ្រង់អាជីពរបស់អ្នកធាក់ស៊ីក្លូនេះ នឹងត្រូវប្រកាសបង្កើតជាផ្លូវការនៅថ្ងៃទី១៣ ខែមករានេះតែម្តង។ សម្តេចតេជោ ហ៊ុន សែន បានដាក់ថវិកាផ្ទាល់ខ្លួនដំណាក់កាលដំបូងក្នុងមូលនិធិនេះប្រមាន ១០០លានរៀល ហើយសម្តេចនឹងបន្ថែមជារៀងរាល់ខែប្រមាណ ១០លានរៀលបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់សម្បុរសជននានា ចូលរួមបរិច្ចាគក្នុងមូលនិធិផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតមូលនិធិនេះ មិនត្រឹមតែជួយទ្រទ្រង់ដល់អាជីព របស់អ្នកធាក់ស៊ីក្លូនោះទេ តែក៏ជាការរួមចំណែកអភិរក្សស៊ីក្លូ ដែលជាយានបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរបន្សល់ទុកតាំងពីសម័យអាណានិគមន៍បារាំងមកនោះ។

បងប្អូនអ្នកធាក់ស៊ីក្លូ បានបង្ហាញក្តីសប្បាយរីករាយយ៉ាងចំពោះការសម្រេចរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល អនុញ្ញាតឲ្យពួកគាត់ព្យាបាលដោយមិនគិតថ្លៃតាមមន្ទីរពេទ្យរដ្ឋ។ ជាពិសេសការបង្កើតមូលនិធិសម្រាប់ទ្រទ្រង់ដល់អាជីពរបស់ពួកគាត់៕